ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន៖ ការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជូនអាជ្ញាធរសាធារណៈ មានសមត្ថកិច្ចនៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣។
មានប្រសាសន៍បើកអង្គសិក្ខាសាលាឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍អបអរសាទរ, កោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និង សមិទ្ធផលការងារទាំងឡាយ ពាក់ព័ន្ធ នឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង ការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព និង ស្មារតីទទួលខុសត្រូវខ្ពស់ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា តថភាពនៅក្នុងពិភពលោកបានបង្ហាញថា ល្បែងពាណិជ្ជកម្ម ត្រូវបានដំណើរការនៅក្នុងតំបន់ និង ក្នុងប្រទេសជាច្រើន នៅលើពិភពលោក, ទាំងក្នុងទម្រង់ផ្លូវការ និង ទម្រង់មិនផ្លូវការ ។ អាស្រ័យហេតុនេះ, រដ្ឋាភិបាលនៃបណ្តាប្រទេសកាន់តែច្រើនឡើង បានសម្រេចទទួលស្គាល់ជាផ្លូវការ នូវពាណិជ្ជកម្មលើវិស័យល្បែង ដោយបង្កើតក្របខ័ណ្ឌគតិយុត្តច្បាស់លាស់ ដើម្បីដាក់វិស័យនេះឱ្យស្ថិតក្រោមដំបូលនៃច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមនេះ, ទីតាំងល្បែងពាណិជ្ជកម្ម ដែលរួមបញ្ចូលទាំងទីតាំងបដិសណ្ឋារកិច្ច, ភោជនីយដ្ឋាន, ផ្សារទំនើប, សណ្ឋាគារ, មណ្ឌលកីឡា, មណ្ឌលកម្សាន្ត និង មណ្ឌលសន្និបាត ឬ ពិព័រណ៍, ហាងលក់ទំនិញរួចពន្ធ ។ល។ ត្រូវបានបង្កើតជាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ (Integrated Resort) ដែលត្រូវបានទទួលស្គាល់ជាទូទៅ នៅលើពិភពលោកថា ជាប្រភពចំណូលថវិកាដ៏សំខាន់ និង ជាទីតាំងដែលបានផ្តល់ឱកាសការងារជាច្រើនប្រភេទ ដោយបានចូលរួមចំណែកដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ដោយឡែក, នៅក្នងព្រះរាជាណាចក្រកម្ពុជា, ជាទិដ្ឋភាពគតិយុត្ត, ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ត្រូវបានអនុម័ត និង ប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩៩៦ ដោយបានបើកផ្លូវជូនរាជរដ្ឋាភិបាល ក្នុងការផ្តល់ការអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្ម នៅកម្ពុជា ដោយស្របច្បាប់។
ក្នុងការអនុវត្តជាក់ស្តែង នាពេលកន្លងមក មុនពេលច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានចូលជាធរមាន កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០, រាជរដ្ឋាភិបាល បានចាប់ផ្តើមរៀបចំជាបណ្តើរៗ នូវយន្ដការច្បាស់លាស់ សម្រាប់គ្រប់គ្រងវិស័យនេះ ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តសំខាន់ៗមួយចំនួន រួមមាន៖ ច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង, សេចក្តីសម្រេច និង សារាចរណែនាំរបស់រាជរដ្ឋាភិបាល, ប្រកាសអន្តរក្រសួង និង សៀវភៅបន្ទុក ជាដើម ។
ជាមួយនឹងការរីកចម្រើននៃសកម្មភាពសង្គម-សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានពិនិត្យឃើញនូវភាពចាំបាច់ ក្នុងការរៀបចំនូវបញ្ញត្តិកម្មលើវិស័យល្បែងពាណិជ្ជកម្ម ក្នុងគោលបំណងធានានូវប្រសិទ្ធភាព នៃការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និង ល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច, លើកកម្ពស់វិស័យទេសចរណ៍, បង្កើតការងារ, កៀរគរចំណូល, រក្សាសុវត្ថិភាព និង សន្តិសុខសង្គម តាមរយៈការកំណត់នូវដែនសមត្ថកិច្ច, វិធាន និង នីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និង ល្បែងពាណិជ្ជកម្ម; ការកំណត់សិទ្ធិ និង កាតព្វកិច្ចរបស់រូបវន្តបុគ្គល និង នីតិបុគ្គល ក្នុងការធ្វើប្រតិបត្តិការ ដោយផ្ទាល់ ឬ ការចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម; ការកំណត់សិទ្ធិជាម្ចាស់ លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និង លើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម; និង ការបង្កើតស្ដង់ដាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និង ល្បែងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រ កម្ពុជា ។
ក្នុងស្មារតីនេះ, សេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរៀបចំ ឡើង ក្រោមកិច្ចសហការរួមគ្នា រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ ដោយបានចាយពេលអស់ប្រមាណជាង ៩ ឆ្នាំ និង ដោយឆ្លងកាត់ការពិនិត្យ និង ពិភាក្សាយ៉ាងល្អិតល្អន់ តាមរយៈកិច្ចប្រជុំជាច្រើន ក្នុងនោះ រួមមាន៖ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយ វិស័យឯកជន, កិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ, កិច្ចពិភាក្សាជាមួយ ក្រុមប្រឹក្សាអ្នកច្បាប់, ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងយុត្តិធម៌, សរុបទាំងអស់មានចំនួន ៥៥ លើក។នៅក្នុងដំណើរការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, រាជរដ្ឋាភិបាលក៏បាន គិតគូរផងដែរ អំពីយន្តការសម្រាប់ចូលរួមដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលបានរៀបចំនូវយន្តការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ, ទាំងទ្វេភាគី និង ពហុភាគី, ដើម្បីគ្រប់គ្រង និង ដោះស្រាយកង្វល់នានាពាក់ព័ន្ធនឹងវិស័យកាស៊ីណូ និង ល្បែងពាណិជ្ជកម្មផ្សេងៗ ។
ជាលទ្ធផល, ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័ត នាថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២០ និង ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ តាមរយៈព្រះរាជក្រមលេខ នស/រកម/១១២០/០៣១ ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។ផ្អែកតាមច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ, វិស័យកាស៊ីណូ និង ល្បែងពាណិជ្ជកម្មដទៃទៀត ត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ។ ជាមួយគ្នានេះដែរ, ដើម្បីធានានូវភាពច្បាស់លាស់, តម្លាភាព, សុចរិតភាព និង គណនេយ្យភាពនៃប្រតិបត្តិការនៅតាមមណ្ឌល ល្បែងពាណិជ្ជកម្ម, ច្បាប់នេះក៏បានកំណត់អំពីលក្ខណៈសម្បត្តិរបស់បុគ្គលជាកម្មសិទ្ធិករ ឬ ប្រតិបត្តិករ ដោយផ្ដោតសំខាន់លើធនធានហិរញ្ញវត្ថុ, សមត្ថភាពធុរកិច្ច, គុណវុឌ្ឍិរបស់អ្នកកាន់កាប់អាជ្ញាបណ្ណ, ការពង្រឹងសមត្ថភាពស្ថាប័ន, ប្រភេទនៃអាជ្ញាបណ្ណ, ដែនកំណត់នៃការលេងល្បែង, ចំណូលកាតព្វកិច្ច, វិធានការនៃការផ្សះផ្សា និង ការដោះស្រាយវិវាទ និង ការដាក់ទណ្ឌកម្ម ។ល។ បន្ថែមលើនេះ, ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក៏បានកំណត់ អំពីប្រភេទទីតាំង សម្រាប់ប្រកបអាជីវកម្មល្បែងពាណិជ្ជកម្ម ដោយចែកចេញជាពីរប្រភេទ គឺ តំបន់អនុញ្ញាត និង តំបន់ហាមឃាត់ ពីព្រោះរាជរដ្ឋាភិបាលបានគិតគូរផងដែរ អំពីផលប៉ះពាល់ជាអវិជ្ជមាននៃល្បែងពាណិជ្ជកម្ម ទៅលើវប្បធម៌, ប្រពៃណី និង សាសនា ។
ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់នេះ នឹងរឹតបន្តឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម ឱ្យកាន់តែរឹងមាំ និង ច្បាស់លាស់ ដែលនឹងផ្តល់ផលប្រយោជន៍ជាអតិបរមា ដល់សេដ្ឋកិច្ចជាតិ និង ប្រជាជនកម្ពុជា តាមរយៈការបង្កើតនូវយន្តការស្ថាប័នសមស្រប សំដៅពង្រឹងសុវត្ថិភាព, សន្តិសុខ, របៀបរៀបរយ និង សណ្តាប់ធ្នាប់សង្គម; បង្កើតការងារ; និងលើកកម្ពស់វិស័យទេសចរណ៍ និង ការអភិវឌ្ឍ, ជាពិសេស នៅតាមតំបន់ព្រំដែន និង តំបន់ជាប់មាត់សមុទ្រ។
ជាមួយគ្នានេះ, ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន នៃការកើនឡើងនូវល្បែងស៊ីសងខុសច្បាប់ និង ដើម្បីលើកទឹកចិត្តវិស័យល្បែងពាណិជ្ជកម្មស្របច្បាប់, រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមរយៈសេចក្តី-សម្រេច លេខ ៦២ សសរ ចុះថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២ ដែលដឹកនាំដោយក្រសួងមហាផ្ទៃ និង មានការចូលរួមពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ផងដែរ។ ក្រុមការងារនេះមានតួនាទី និង ភារកិច្ចចម្បង ក្នុងការរៀបចំផែនការ, វិធាន និង គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ចូលរួមស្រាវជ្រាវ និង ចាត់វិធានការបង្រ្កាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅទូទាំងប្រទេស ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានចូលជាធរមាន ស្របពេលដែលប្រទេសជាតិយើង បានជួបប្រឈមនឹងវិបត្តិសុខភាពសាធារណៈជាសកល ដែលបង្កឡើងដោយ ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលរាជរដ្ឋាភិបាលមមាញឹក ក្នុងការប្រយុទ្ធ-ប្រឆាំង និង ដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ចនានា ដែលជាវិបាកនៃជំងឺកូវីដ-១៩ ។ ដូច្នេះ, រាជរដ្ឋាភិបាលមិនមានពេលគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារនៃច្បាប់នេះ ឱ្យបានទូលំ- ទូលាយ ជូនដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និង សាធារណជន ឱ្យបានយល់ដឹងស៊ីជម្រៅ នៅឡើយ ។
យ៉ាងណាមិញ, ក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅ, ទោះបីជាកម្ពុជាបានជួបប្រឈមនូវវិបត្តិសុខភាពធ្ងន់ធ្ងរជាសកលយ៉ាងណាក្តី, ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និង ការដឹកនាំដ៏ត្រឹមត្រូវ, ម៉ឺងម៉ាត់ និង ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ប្រការនេះ បានអនុញ្ញាតឱ្យកម្ពុជា បើកប្រទេស និង សកម្មភាពសង្គម-សេដ្ឋកិច្ច ឡើងវិញ ឆាប់ជាងប្រទេសផ្សេងទៀតនៅក្នុងតំបន់ រួមទាំងការចាត់វិធានការនានា សំដៅជំរុញលើកកម្ពស់វិស័យទេសចរណ៍ និង ពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម ផងដែរ។ ក្នុងបរិការណ៍នេះ, សិក្ខាសាលានាព្រឹកនេះ នឹងផ្ដល់នូវពុទ្ធិ និង ព័ត៌មានស៊ីជម្រៅគ្រប់ជ្រុងជ្រោយ អំពីច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សម្រាប់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីជាមូលដ្ឋានគ្រឹះ ក្នុងការសហការ ជិតស្និទ្ធ រវាង គ.ល.ក.និង រដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព៕