បេក្ខជន ១២រូប ទទួលបានជ័យលាភី វេទិកាជើងឯកយុវជនជជែកពិភាក្សា អំពីបរិស្ថាន ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងបរិស្ថាន អបអរសាទរដល់បេក្ខជនទាំង១២រូប ដែលប្រកួតឈ្នះដណ្តើមបានជ័យលាភីលេខ១ លេខ២ លេខ៣ លើប្រធានបទចំនួន៤ ក្នុងវេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៣។
បេក្ខជនទាំង១២រូប ត្រូវបានបំពាក់មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ពានរង្វាន់ទៅតាមប្រភេទជ័យលាភី ទទួលបណ្ណជ័យលាភី និងវិញ្ញាបនបត្រ ព្រមទាំងថវិកាឧបត្ថម្ភ ដើម្បីឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខជនទាំងអស់។
ពិធីប្រគល់ជ័យលាភី បានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ៣០២៣ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោសក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងបរិស្ថាន សាស្រ្តាចារ្យ គ្រូបង្រៀន អាណាព្យាលបាលសិស្ស សិស្សានុសិស្ស ប្រមាណ៣០០អង្គ/នាក់។
បន្ទាប់ពីការប្រកួតជជែកពិភាក្សាយ៉ាងស្វិតស្វាញរយៈពេល១ថ្ងៃកន្លះ (ថ្ងៃទី១-២ ខែមិថុនា) សម្រាប់បេក្ខជនដែលទទួលបានជ័យលាភីនាពេលនេះ រួមមាន៖
-ប្រធានបទទី១ «ប្រែប្រួលអាកាសធាតុ» ជ័យលាភីលេខ១ យុវតី កែវ ច័ន្ទសុម៉ានី មកពីវិទ្យាល័យជាស៊ីមសាមគ្គី, លេខ២ យុវជន រិទ្ធ ប៊ុនរ៉ុង មកពីវិទ្យាល័យសាមគ្គី និងលេខ៣ យុវតី សេង ម៉ូលី មកពីសាលាវេស្ទឡាញ។
-ប្រធានបទទី២ «គ្រប់គ្រងសំណល់រឹង» ជ័យលាភីលេខ១ កញ្ញា រឿន សុលីនដា មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ, លេខ២ កញ្ញា ផន ស្រីពៅ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលេខ៣ កញ្ញា ឡាន់ ស្រីណែត មកពីសកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
-ប្រធានបទទី៣ «ការអភិរក្សជីវៈចម្រុះ» ជ័យលាភីលេខ១ យុវតី ហែម មុនិន្ទ័រាជ្យនី មកពីសាលារៀនវេស្ទឡាញន៍, លេខ២ យុវតី ស៊ឹមរតនៈ សុជាតា មកពីសាលាមីគីវេ និងលេខ៣ យុវតី អាត ស្រីគុជ មកពីសាលារៀនមីគីវេ។
-ប្រធានបទទី៤ «ទីក្រុង ទីប្រជុំជនប្រកបដោយចីរភាព» ជ័យលាភីលេខ១ យុវតី ទេព ធីតាវលក្ខណ៍ មកពីសាលាប៊ែលធីអន្តរជាតិ, លេខ២ យុវតី ផាវ សុវណ្ណារី មកពីវិទ្យាល័យជាស៊ីមសាមគ្គី និងលេខ៣ យុវតី ឡាយ វល័ក្ខ មកពីសាលាមីគីវេ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា វេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៣ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានគោលបំណងជំរុញចលនាយុវជនឱ្យស្រឡាញ់ និងចូលរួមការងារប្រតិបត្តិមេត្រីបរិស្ថាន តាមរយៈការផ្តល់ឱកាសដល់យុវជន (១)ឱ្យសិក្សាស្រាវជ្រាវប្រមូលទិន្នន័យ និង(២)ការជជែកពិភាក្សាដេញដោលស៊ីជម្រៅ ដែលមានថតជាវីដេអូ ដើម្បីយកទៅផ្សព្វផ្សាយបន្តតាមទូរទស្សន៍ និងតាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, Youtube ឬតាមបណ្តាញសង្គមផ្សេងៗជាដើម សំដៅពង្រីកចំណេះដឹងបរិស្ថានដល់យុវជន និងសាធារណជនទូទាំងប្រទេសកម្ពុជា។
វេទិកានេះ មិនត្រឹមតែស្វែងរកយុវជនឆ្នើម ឬក្រុមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីជាមធ្យោបាយក្នុងការបញ្ជ្រាបចំណេះដឹងដល់យុវជនឱ្យមានឱកាសក្នុងការសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ឬអំណះអំណាងសមស្របមកធ្វើការបកស្រាយ ក្នុងន័យបង្កើនសមត្ថភាពរបស់ពួកគាត់។ ជាមួយគ្នានេះ វេទិកានេះក៏ជាមធ្យោបាយបញ្ជ្រាបចំណេះដឹងទៅដល់សាធាណជនគ្រប់ស្រទាប់វណ្ណៈ ឱ្យបានយល់ដឹងអំពីបរិស្ថានដែលកើតមាន និងផលប៉ះពាល់ទៅដល់សុខភាពមនុស្ស និងលើកទឹកចិត្តក្នុងការចូលរួមកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ការរស់នៅប្រកបដោយចីរភាព៕