នាយឧត្តមសេនីយ៍ សៅ សុខា ជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុច
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកុដិ សាលាបំពេញបុណ្យ បណ្ណាល័យ រោងបាយ បន្ទប់ទឹក ផ្លូវជុំវិញវត្ត ផ្លូវបេតុង និងសមិទ្ធផលនានា ក្នុងវត្តលង្ការាម ស្ថិតនៅភូមិប្រាសាទ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងជាក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក យាយជី តាជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ប្រជាការពារផងដែរ។
មានមតិក្នុងពិធីសម្ពោធនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុច និងស្នើដល់ប្រជាពលរដ្ឋពិនិត្យរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័ន អាជ្ញាធរ មានសមត្ថកិច្ច ឱ្យទាន់ពេលវេលា និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕