នាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សផ្នែកយុត្តិធម៌ឱ្យកាន់តែច្រើនទៀត
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សផ្នែកយុត្តិធម៌ឱ្យបានកាន់តែច្រើនទៀត ដើម្បីពង្រឹងផ្នែកយុត្តិធម៌នៅកម្ពុជា។
ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី នៅព្រឹកថ្ងៃទីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ថាកម្ពុជា បច្ចុប្បន្ន ត្រូវបន្តធ្វើការកំណែទម្រង់វិស័យតុលាការបន្តទៀត ជាក់ស្តែងសាលាឧទ្ធរណ៍មួយត្រូវបានបង្កើតនៅតាមភូមិភាគ ដើម្បីពន្លឿនការដោះស្រាយសំំណុំរឿងនានា កុំឱ្យកក់ស្ទះ ជាពិសេសដើម្បីផ្តល់ភាពងាយស្រួលផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។
សម្តេចបានគូសបញ្ជាក់ថា ការមួយការបង្កើតសាលាឧទ្ធរណ៍នៅតាមភូមិភាគ តម្រូវការធនធានមនុស្សផ្នែកយុត្តិធម៌នេះ ក៏ត្រូវការកាន់តែច្រើន ដូច្នេះ ទើបមានការចាំបាច់ដើម្បីផ្តល់ក្របខ័ណ្ឌបន្ថែមជូនទៅដល់ផ្នែកតុលាការទាំងសាលាដំបូង ទាំងសាលាឧទ្ធរណ៍តាមភូមិភាគ និងតុលាការកំពូលជាដើម។
សម្តេចតេជោបានលើកទឹកចិត្តយ៉ាងដូច្នេះថា “អ៊ឹចឹងយើងត្រូវការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យតុលាការ ក្នុងវិស័យយុត្តិធម៌នេះកាន់តែច្រើន ដូច្នេះ យើងមានតម្រូវការសាលាបែបនេះ…! ដូច្នេះ ហើយបើយើងមិនបណ្តុះបណ្តាលធនធានមនុស្សតើយើងធ្វើអីកើត?”។
ជាមួយនឹងការណែនាំបន្ថែមឱ្យប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សផ្នែកយុត្តិធម៌, សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យរៀបចំសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្នាក់នៅ ទាំងសិស្សវិជ្ជាជីវៈតុលាការ និងសិស្សសេដ្ឋកិច្ច សម្រាប់ស្នាក់នៅ។ សម្តេចក៏បានបង្ហាញបំណងសាងសង់អគារសហសិក្សាមួយខ្នងសម្រាប់ជួបជុំអ្នកជំនាញផ្នែកយុត្តិធម៌ផងដែរ៕