សម្តេច ស ខេង លើកពីកត្តាសំខាន់ របស់ប្រជាការពារក្នុងការចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ធ្វើឱ្យពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព ផាសុខភាព និងសុខដុមរមនា
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងអំពីកត្តាសំខាន់របស់ប្រជាការពារក្នុងការចូលរួមលើការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព ផាសុខភាព និងសុខដុមរមនា។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើសេចក្តីណែនាំ ស្តីពីការពង្រឹងចលនាប្រជាការពារ នាថ្ងៃអង្គារ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងអំពីសាវតានៃការបង្កើតចលនាប្រជាការពារ ចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៩ ក្រោយការដួលរលំទាំងស្រុងនៃអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ព្រមទាំងនាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា កាលពីឆ្នាំ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមសេចក្ដីព្រាង ចលនាប្រជាការពារ ជាវិធានការក្នុងការកៀរគរកម្លាំងប្រជាពលរដ្ឋទាំងមូលចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅ ទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសុខដុមរមនា។
ចលនាប្រជាការពារ គឺជាចលនានៃការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពារអាយុជីវិត ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងសហគមន៍ ភូមិ ឃុំ សង្កាត់ ក្រោមការដឹកនាំ និងសម្របសម្រួលរបស់អាជ្ញាធរមាន សមត្ថកិច្ចនៅមូលដ្ឋានក្នុងដែនសមត្ថកិច្ច។
សេចក្ដីព្រាងក៏បានបញ្ជាក់ដែរថាចលនាប្រជាការពារពុំមែនជាអង្គការចាត់តាំងរបស់កម្លាំងប្រដាប់អាវុធ ឬអង្គការចាត់តាំងណា មួយដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងមិនមានការកំណត់ក្របខ័ណ្ឌ ឬឯកសណ្ឋានជាក់លាក់ជាកងកម្លាំង ឯកភាពនោះទេ។ ការចងក្រងកម្លាំងប្រជាការពារ គឺអាស្រ័យទៅតាមឆន្ទៈរបស់អ្នកចូលរួម និងផ្អែកតាមស្ថាន ភាពជាក់ស្ដែងនៃលក្ខណៈភូមិសាស្ត្រ និងប្រជាសាស្ត្រ ហើយប្រជាការពារគឺជាប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកអង្គការ សមាគមនានាគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាព ក្នុងចលនាប្រជាការពារនៅមូលដ្ឋាន។
សូមបញ្ជាក់ថា ប្រជាការពារមិនទទួលបានប្រាក់បៀវត្សដូចក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ឬកងកម្លាំងប្រដាប់អាវុធ នោះទេ។ ការទ្រទ្រង់សកម្មភាពចលនាប្រជាការពារអាស្រ័យដោយការឧបត្ថម្ភទាំងស្មារតី សម្ភារៈ ថវិកា របស់អាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច វិស័យឯកជន ប្រជាពលរដ្ឋ សប្បុរសជន និងក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ នេះបើតាមសេចក្ដីព្រាងដែលក៏បានកំណត់អំពី ការកសាង និងចាត់តាំងកម្លាំងប្រជាការពារ និងការៀបចំយន្តការដឹកនាំ គ្រប់គ្រងចលនាប្រជាការពារ ៕