នាយករដ្ឋមន្ត្រី៖ ជនមានពិការភាព តាមរោងចក្រ និងសហគ្រាសនានា ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង ១៥នាទី ដូចកម្មការិនីមានផ្ទៃពោះ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា ជនមានពិការភាពនៅតាមរោងចក្រ និងសហគ្រាសនានា ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង១៥នាទី ដូចកម្មការិនីមានផ្ទៃពោះដែរ ។
ក្នុងពិធីសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរ អាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃមុនពេលទៅកំពង់ស្ពឺ មានកម្មការិនីម្នាក់ បានស្នើសុំឲ្យជនពិការ ដែលធ្វើការនៅតាមរោងចក្រ បានចេញមុនម៉ោង ដូចជាស្ដ្រីមានផ្ទៃពោះ។ ខ្ញុំសូមប្រកាសជូនថា គ្រប់រោងចក្រសហគ្រាសទាំងអស់ ដែលមានជនពិការ ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង ដូចស្ដ្រីមានផ្ទៃពោះដែរ»។
សម្ដេចតេជោ លើកឡើងថា កាលពីមុន ស្ដ្រីមានផ្ទៃពោះ ត្រូវចេញបញ្ជៀសជាមួយគេ ហើយសម្ដេចបានដឹងបញ្ហានេះ ពេលចុះនៅតាមរោងចក្រ ដូច្នេះបានលើកបញ្ហានេះ ជាមួយនឹងម្ចាស់រោងចក្រ ដែលសូមឲ្យស្ដ្រីមានផ្ទៃពោះ បានចេញមុន ដើម្បីជៀសវាងការប៉ះទង្គិចណាមួយដល់កូន ដោយអនុញ្ញាតឲ្យចេញ ១៥នាទីមុន យ៉ាងតិច ៕