ឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តកញ្ចប់អប់រំមាតាបិតាស្តីពីការចិញ្ចឹមបីបាច់កុមារតូច
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តកញ្ចប់អប់រំមាតាបិតាស្តីពីការចិញ្ចឹមបីបាច់កុមារតូច។ ដើម្បីសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច ដែលបាន កំណត់ចក្ខុវិស័យថា៖ “កុមារតូចទាំងអស់ចាប់តាំងពីកកំណើតរហូតដល់អាយុក្រោម៦ឆ្នាំ ត្រូវទទួលបានសេ វាគាំពារ និងអភិវឌ្ឍ ជាពិសេសកុមារតូចរងគ្រោះ កុមារតូចងាយរងគ្រោះ និងក្រខ្សត់ ស្របតាមរដ្ឋធម្មនុញ្ញន ព្រះរាជាណាចក្រកម្ពុជា”។
នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី មានប្រសាសន៍ថា ស្ថិតក្នុងបរិបទនេះ ការគាំពារ និងអភិវឌ្ឍកុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិឌ្ឍធនធានមនុស្ស ដោយផ្តើមចេញពីការគាំទ្រការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា។
ក្នុងរយៈ១០ឆ្នាំចុងក្រោយនេះ ថ្នាក់មត្តេយ្យសិក្សាគ្រប់រូបភាពមានការកើនឡើងពី ៨ ៩ ១១ថ្នាក់ នៅឆ្នាំសិក្សា២០១៣-២០១៤ ដល់ ១៤,៩៥៦ថ្នាក់ នៅឆ្នាំសិក្សា ២០២២-២០២៣។ ក្នុងនោះឆ្នាំសិក្សា ២០២២-២០២៣ ថ្នាក់មត្តេយ្យសិក្សារដ្ឋមាន ៨,៤៥២ថ្នាក់ មត្តេយ្យសិក្សាសហគមន៍មាន ៣,៤៥៩ថ្នាក់ (ក្នុងនោះមត្តេយ្យសិក្សាសហគមន៍ មានលក្ខណៈស្តង់ដាមាន ១,៣០៥ថ្នាក់) និងថ្នាក់មត្តេយ្យសិក្សាឯកជនមាន ៣,០៤៥ថ្នាក់។ ចំពោះកុមារអាយុ ៥ឆ្នាំ ទទួលបានសេវាអប់រំកុមារតូចគ្រប់រូបភាព ៦៤.៨% រីឯកុមារ ៣៦%ផ្សេងទៀត ដែលមិនទាន់ទទួលបានអត្ថប្រយោជន៍ នៃការអភិវឌ្ឍ ចាំបាច់ត្រូវរួមគ្នាវិនិយោគបែបពហុវិស័យ ដើម្បីពួកគេមានលទ្ធភាពទទួលបានការអប់រំបានទាន់ពេលវេលា ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាននាំឱ្យមានការផ្លាស់ប្ដូរនៅក្នុងជីវិតនៃការសិក្សា។ យើងក៏លើកទឹកចិត្តមាតាបិតា ឱ្យដើរតួនាទីយ៉ាងសកម្មក្នុងការជួយដល់កុមារតូចបានទទួលការសិក្សាពីដំបូង តាមរយៈការទទួលចំណេះដឹងពីគូ មត្តេយ្យសិក្សានិងអ្នកជំនាញផ្សេងទៀត ដើម្បីជួយពួកគេឱ្យយល់ដឹងពីសារៈសំខាន់នៃការគាំពារ និងអភិវឌ្ឍកុមារតូច ៕