នាយឧត្តមសេនីយ៍ ជា តារា៖ អ្វីៗយើងកំពុងមានជាស្នាដៃរបស់អតីតៈយុទ្ធជន និងត្រូវបន្តចូលរួមលុបបំបាត់ឲ្យអស់នូវមនោគមវិជ្ជាខ្មៅកខ្វក់របស់ជនក្បត់ជាតិ៣ជំនាន់ដើម្បីអនាគតរុងរឿងរបស់កូនចៅយើង
ភ្នំពេញ: ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សាសម្តេចតេជោ ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតៈយុទ្ធជនកម្ពុជា នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៣ បានអញ្ជើញបំពាក់មេដាយការពារជាតិជូនបងប្អូនអតីតៈយុទ្ធជនស្រុកប្រាសាទបាគង ចំនួន ៥៧៥នាក់ ព្រមទាំង លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាឃុំ មេភូមិ កងកម្លាំង ឃុំ មានជ័យ ក្នុងមុខដំណែង បានចូលរួមចំនួន ១៤២នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជាភ័ព្វសំណាងនៃយើងទាំងអស់គ្នា ដែលសម្តេចតែងតែយកចិត្តទុកដាក់ និងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារីអ្នកស្នេហាជាតិ ដែលបានធ្វើមហាពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះ មាតុភូមិពីកណ្តាប់ដៃនៃរបប ប៉ុល ពត និងបានជួយសង្គ្រោះអាយុជីវិត បងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនរហូតដល់សព្វថ្ងៃ។
រាជរដ្ឋាភិបាលសម្តេចតេជោតែងតែយកចិត្តទុកដាក់គិតគូរ តបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន យើងក្នុងពេលកន្លងមក កសាងនូវវប្បធម៌ចែករំលែក ឈានទៅកសាងសង្គមមួយប្រកបដោយសមធម៌។
សម្តេចតេជោ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការតាមរយៈ ការផ្តល់ប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូល ឆ្នាំ, ការកែប្រែដំឡើងរបបសន្តិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធជនជាបន្តបន្ទាប់, ការដាក់ឱ្យដំណើរការ ប្រើប្រាស់សេវាកាតអេធីអ៊ឹមតាមប្រព័ន្ធធនាគារ ងាយស្រួលដល់ការបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែ, ការផ្តល់សេវាថែទាំសុខភាពសម្រាប់អតីតយុទ្ធជនក្នុងការពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់, ការដាក់ ចេញ និងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍយោធិនពិការ ដូចជាមណ្ឌលអភិវឌ្ឍយោធិនពិការ៣១៧គូលែន ក្បែរនេះ ។ល។
អ្វីៗដែលបានលើកឡើងនេះ ជាជ្រុងមួយនៃការគិតគូរយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់អតីតៈយុទ្ធជន នៅមានសមិទ្ធិផលជាប្រវត្តិសាស្ត្រជាច្រើនទៀតសម្រាប់កូនចៅជំនាន់ក្រោយ នៃយើងទទួលបាន ដោយឃើញនឹងភ្នែក បង្ហាញច្បាស់ថា ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលប្រសូត្រចេញពី គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី បានសម្រេចជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុការពារ និងកសាងមាតុភូមិនៃយើង ដោយធ្វើ ដំណើរទៅមុខយ៉ាងស្វាហាប់ រកអនាគតដ៏ភ្លឺស្វាង។
ដូច្នេះ មានតែរាជរដ្ឋាភិបាលប្រសូត្រចេញពី គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាប្រធាននៃយើងទាំងអស់គ្នាជាអតីតៈយុទ្ធជនកម្ពុជា គឺជាឆ្នាំងបាយមិនចេះរីងស្ងួត របស់យើងគ្រប់ជំនាន់។
យើងទាំងអស់គ្នា សូមសម្តែងនូវការគោរព គាំទ្រ ការពារ និងស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោរពគាំទ្រ ស្មោះត្រង់ដាច់ខាត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចតេជោ នាពេលអនាគត។
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា បានបញ្ជាក់ថា អ្វីដែលយើងមាននៅថ្ងៃនេះ ពិតជាបានមកពីពលីកម្មដ៏ធំធេងរបស់ អតីតៈយុទ្ធជនកម្ពុជានិង សំណូមពរ៖
ទី១-សូមបងប្អូនអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីសម្តេចតេជោ ជានាយករដ្ឋមន្ត្រី បន្តជាប្រធានអតីតៈយុទ្ធជនកម្ពុជា ជាតំណាងឲ្យផលប្រយោជន៍យើងទាំងអស់គ្នា។
ទី២-សូមបងប្អូនអតីតៈយុទ្ធជន និងមន្ត្រីអាជ្ញារធរមូលដ្ឋាន បន្តចូលរួមលុបបំបាត់មនោគមវិជ្ជាជ្រុល និយម ខ្មៅកខ្វក់របស់អាក្បត់ជាតិ៣ជំនាន់ និងបក្សពួក ឲ្យអស់ពីមូលដ្ឋានយើង និងទទួលយកនូវអ្វីដែលជាសមិទ្ធផលបានឃើញនឹងភ្នែក នោះគឺ សន្តិភាពនិងការអភិវឌ្ឍ រីកចម្រើន ការរស់នៅសុខដុមរម្យនារបស់កូនចៅយើងគ្រប់ជំនាន់។
ក្នុងឱកាសបំពាក់មេដាយមាសការពារជាតិជូនចំពោះអតីតៈយុទ្ធជននៅស្រុកប្រាសាទបាគងទាំង ៥៧៥រូប ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានជូនថវិកាសម្តេចតេជោ ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ជូនលោកគ្រូ អ្នកគ្រូ ឃុំមានជ័យ ចំនួន ១៤២នាក់ ក្នុងម្នាក់ៗទទួលបាន ៤ម៉ឺនរៀលផងដែរ ៕