ឯកឧត្តម ហ៊ុន ម៉ានី អំពាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន ជាពិសេសកូវីដ១៩ ដែលបន្តមានវត្តមានក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅភូមិតាធម្ម ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងបរិវេណសាលាបឋមសិក្សាត្រពាំងអង្គ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិករដ្ឋសភា ទេសរដ្ឋមន្ត្រី រដ្ឋលេខាធិការ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារចុះជួយស្រុក និងឃុំ វេជ្ជបណ្ឌិត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងក្រុមការងារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. រួមទាំងប្រជាពលរដ្ឋប្រមាណ ២,០០០នាក់។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវសេចក្តីសប្បាយរីករាយ ដែលបានមកចូលរួមជាមួយលោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជន កម្ពុជាទាំងអស់ ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅឃុំភារីមានជ័យ ស្រុកបសេដ្ឋ នាពេលនេះ។
ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត ស្មារតី និងថវិកា ដើម្បីចុះមកធ្វើការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនីទាំងអស់ ក្នុងថ្ងៃនេះ។
ឯកឧត្តមក៏បានអំពាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន ជាពិសេសកូវីដ១៩ ដែលបន្តមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលោកបានផ្សារភ្ជាប់អំពីសារៈសំខាន់នៃកាចាក់វ៉ាក់សាំងផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការទុកចិត្តតាមរយៈការបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឱ្យបានធ្វើជាតំណាងរាស្ត្រ ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ចាប់តាំងពីបានទទួលការទុកចិត្តពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតឱ្យបានធ្វើជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺជិត១០ឆ្នាំ (២អាណត្តិ) កន្លងមក លោក និងក្រុមការងារ បានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តធ្វើការអភិវឌ្ឍ ជួសជុល និងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តផ្សេងៗដែលចូលរួមជាប្រយោជន៍ដល់អ្នកខេត្តកំពង់ស្ពឺផងដែរ។
ជាមួយគ្នានេះឯកឧត្តមបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលមានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ជាពិសេសគណបក្សដែលដឹងពីសុខទុក្ខ និងតែងតែនៅ ជាប់ជាមួយប្រជាពលរដ្ឋយើងគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទោះក្នុងដំណាក់កាល លំបាកយ៉ាងណាក៏ដោយ។
ឯកឧត្តមបានរំលេចថា ជាធម្មតារាល់ការខិតខំប្រឹងប្រែងនាពេលកន្លងមក និងនាពេលបច្ចុប្បន្នរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅមាន ចំណុចខ្វះខាត ប៉ុន្តែគណបក្សប្រជាជនតែងតែនៅ ដឹងពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេល និងនៅបន្តខិតខំដើម្បីប្រជាជនខ្មែរ និងអនាគតកូនចៅខ្មែរ ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត ៕