មន្រី្តជាន់ខ្ពស់អត្តសញ្ញាណកម្ម ពន្យល់អំពីការផ្លាស់ប្តូរទីលំនៅ ការចុះបញ្ជីស្នាក់នៅ ទីកន្លែងទំនាក់ទំនង និងឯកសារដែលត្រូវមាន
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានពន្យល់អំពីការផ្លាស់ប្តូរទីលំនៅ ការចុះបញ្ជីស្នាក់នៅ ទីកន្លែងទំនាក់ទំនង និងឯកសារដែលត្រូវមាន ដូចខាងក្រោម៖
១-ការផ្លាស់ទីលំនៅចេញ
ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួនត្រូវអញ្ជើញទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលកំពុងរស់នៅអចិន្ត្រៃយ៍ ដើម្បីបំពេញបែបបទផ្លាស់ទីលំនៅចេញដោយភ្ជាប់ជាមួយឯកសារ៖
-សៀវភៅស្នាក់នៅ
-សៀវភៅគ្រួសារ
២-ការផ្លាស់ចូល (ទីកន្លែងដែលទៅតាំងទីលំនៅថ្មី)
ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួន ត្រូវយកឯកសារដែលទទួលបានពី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ចាស់ដែលអនុញ្ញាតឱ្យផ្លាស់ចេញ ទៅបង្ហាញប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលខ្លួនមានបំណងទៅតាំងទីលំនៅថ្មី ដើម្បីចុះឈ្មោះ និងទទួលបានសៀវភៅស្នាក់នៅ ដោយភ្ជាប់ឯកសារបន្ថែម៖
-សៀវភៅស្នាក់នៅ ឬសេចក្តីចម្លងសៀវភៅស្នាក់នៅ
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៕