ឯកឧត្តម វេង សាខុន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពង់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៧ ព្រះវស្សា យាងចូល ៨៨ ព្រះវស្សា។
ទូលព្រះបង្គំ មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំ ទូលថ្វាយព្រះពរ បវរមហាប្រសើរ និងស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៧ ព្រះវស្សា យាងចូល ៨៨ ព្រះវស្សា ដែលនឹងប្រារព្ធនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងឱកាសនៃព្រះរាជពិធីចំរើនព្រះជន្ម ដ៏ឧត្តុង្គឧត្តមនាឆ្នាំនេះ ទូលព្រះបង្គំជាខ្ញុំ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យបារមី ថែរក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គ ប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕