វគ្គបណ្ដុះបណ្តាលអប់រំស្តីពី អ្នកសង្កេតការណ៍បោះឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២២៣ លោកស្រី រស់ សុផានី ប្រធានគណៈកម្មការប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ រួមនឹងក្រុមការងារថ្នាក់ខេត្ត បានអញ្ជើញចូលរួម វគ្គបណ្ដុះបណ្តាលអប់រំស្តីពី អ្នកសង្កេតការណ៍បោះឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក្រោមអធិបតីភាព លោកជំទាវ តាន់ ផល្លី សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តាមរយៈប្រព័ន្ធអនឡាញ (Zoom)។
នាឱកាសនោះលោកជំទាវ តាន់ ផល្លី ក៏បានលើកឡើងពីក្រមសីលធម៌ ត្រូវបានរៀបចំតាក់តែងឡើងស្របទៅតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបោះឆ្នោត។
លោកជំទាវបន្តថា ការប្រតិបត្តិតាមក្រមសីលធម៌ ជាផ្នែកមួយដ៏សំខាន់សម្រាប់ធ្វើឲ្យបរិយាកាសនៃដំណើរការបោះឆ្នោតតាំងពីចាប់ផ្តើមរហូតដល់ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសន្តិសុខ សុវត្តិភាព។ ការប្រតិបត្តិតាមក្រមសីលធម៌បានល្អជាកត្តាជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ មន្ត្រីបោះឆ្នោត អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អ្នកសារព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អ្នកសង្កេតការណ៍ ជាតិ និងអន្តរជាតិ គណបក្សនយោបាយជាគូប្រកួតប្រជែងមានសុទិដ្ឋិនិយមរវាងគ្នានឹងគ្នា សហការគ្នា និងបំពេញ ការងារតាមភារកិច្ច និងមុខនាទីរៀងៗខ្លួន រួមចំណែកពង្រឹងសាមគ្គីភាព និងកិច្ចសហការជាតិ និងអន្តរជាតិក្នុងការ បោះឆ្នោត។
លោកជំទាវ លើកឡើងថា ការគោរពក្រមសីលធម៌បានល្អ នាំឲ្យកាត់បន្ថយបាននូវអំពើហិង្សា ជម្លោះ ការរើសអើង ការបែងចែក រវាងអ្នកដែលមាននិន្នាការនយោបាយផ្សេងៗគ្នាក្នុងសង្គម។ ការគោរពក្រមសីលធម៌បានល្អគឺជាការលើកស្ទួយ កិត្យានុភាពជាតិលើឆាកអន្តរជាតិ បង្ហាញពីការគោរពច្បាប់ ការឯកភាពជាតិ ការជឿទុកចិត្តគ្នារវាងគណបក្ស នយោបាយ ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ក្នុងសង្គម។
លោកជំទាវ តាន់ ផល្លី បញ្ជាក់ថា ក្រមសីលធម៌នេះ មានគោលបំណងកំណត់វិធានសំខាន់ៗ សម្រាប់ឲ្យអង្គការមិនមែនរដ្ឋាភិបាល សមាគម និងអ្នកសង្កេតការណ៍បោះឆ្នោត អនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជំហរអព្យាក្រឹត មិនលម្អៀង ដើម្បីធានាឲ្យ ៖-កិច្ចសង្កេតការណ៍បោះឆ្នោត ត្រូវធ្វើឡើងដោយសុចរិត និងតម្លាភាព,- អ្នកសង្កេតការណ៍បោះឆ្នោត បំពេញការងារដោយពុំមានការជ្រៀតជ្រែក៕