អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តោប្រវេសន៍អូស្ត្រាលី-កម្ពុជា លើកទី៧ នៅសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ខេត្តសៀមរាប
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តោប្រវេសន៍អូស្ត្រាលី-កម្ពុជា លើកទី៧ (The 7th Australia-Cambodia Immigration Forum-7th ACIF) នៅសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ខេត្តសៀមរាប។
ក្នុងនោះដែរគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយលោកជំទាវ Jodie Bjerregaard ឧបការីទី១ នៃក្រសួងមហាផ្ទៃអូស្រ្តាលី។ ក្នុងឱកាសដ៏មានសារសំខាន់នេះក៏មានវត្តមានចូលរួមជាពីសំណាក់ ឯកឧត្តម JUSTIN Whyatt ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ភាគីទាំងពីរ អូស្ត្រាលី-កម្ពុជា បានអបអរសាទរចំពោះការរៀបចំឱ្យដំណើរការឡើងវិញនូវវេទិកាអន្តោប្រវេសន៍អូស្ត្រាលី-កម្ពុជាប្រចាំឆ្នាំនេះ ដែលបានអាក់ខានអស់មួយរយៈពេល ហើយវេទិកានេះក៏បានផ្តល់ឱកាសដល់ស្ថាប័នជំនាញទាំងពីរបានចែករំលែកបទពសោធន៍ ក៏ដូចជាពិភាក្សា ដើម្បីរួមគ្នាដោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសរៀងខ្លួនៗ ក៏ដូចជានៅក្នុងតំបន់ និងជាសកលផងដែរ។
ជាលទ្ធផលវេទិកានេះបានបញ្ចប់ប្រកបដោយផ្លែផ្កា ដែលក្នុងនោះភាគីអូស្ត្រាលីបានឯកភាពផ្តល់ការគាំទ្រដល់កម្ពុជា ជាជំនួយបច្ចេកទេស ការបណ្តុះបណ្តាលជំនាញ និងមានសំណូមពរផ្សេងៗទៀតដែលភាគីអូស្ត្រាលីបានទទួលយក ដើម្បីពិនិត្យលទ្ធភាពផ្តល់ជូននៅពេលក្រោយ។
ភាគីទាំងពីរអូស្ត្រាលី-កម្ពុជា រំពឹងថាវេទិកានេះនឹងត្រូវបានរៀងចំឡើងជាប្រចាំឆ្នាំយ៉ាងទៀងទាត់ ៕