ឯកឧត្តម ហ៊ុន ម៉ានី ជូនស្ពាន ១ខ្សែ ជាអនុស្សាវរិយ៍ដល់អ្នកតាសាល ស្រុកឱរ៉ាល់
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ស្ពានតាំងបំពង់ ប្រវែង ១៥ម៉ែត្រ ទទឹង ០៩ម៉ែត្រ ស្ថិតនៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
អញ្ជើញមានវត្តមាននាឱកាសនេះ ឯកឧត្តមសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សរុប ៦២៨នាក់។
មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា មូលហេតុដែលនាំដល់ការសាងសង់ស្ពានតាំងបំពង់នេះ គឺ បានផ្តើមចេញពីការចុះមកសម្ពោធឧបដ្ឋានសាលា នៅវត្តគីរីរុក្ខាហៅវត្តសំពៅផុស ស្ថិតនៅភូមិ តាំងបំពង់ ឃុំតាសាល កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ដែលកាលនោះនៅពេល ធ្វើដំណើរមកដល់ស្ពានតាំងបំពង់នេះគឺមិនបានឆ្លងកាត់លើស្ពានទេ ដោយសារឃើញស្ពានឈើ នោះមានសភាពចាស់ទ្រុឌទ្រោមខ្លាំងពេកដែលអាចបង្កគ្រោះថ្នាក់។ ដោយមើលឃើញពីតម្រូវការចាំបាច់នៃការប្រើប្រាស់ស្ពាននេះពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងឃុំ ឯកឧត្តមបានសម្រេចជូនស្ពានដែលសម្ពោធថ្ងៃនេះជាចំណងភ្ជាប់និស្ស័យជាមួយអ្នកតាសាលតែម្តង។
ឯកឧត្តមបានលើកឡើងថា ស្ពាននេះនឹងសម្រួលដល់ការធ្វើដំពើរ ដោយធានាដល់សុវត្ថិភាព ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផល ការធ្វើដំណើរឆ្លងកាត់ទៅមន្ទីរពេទ្យ ទៅសាលារៀន ទៅធ្វើបុណ្យទាន និង ទៅប្រកបកិច្ចការផ្សេងៗ ហើយជាពិសេសស្ពាននឹងបង្កើនភាពងាយស្រួលដើម្បីឆ្លងកាត់ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ផ្សងព្រេង ដ៏មានសក្តានុពលរបស់ខេត្តកំពង់ស្ពឺ គឺភ្នំខ្នងផ្សារ ឬភ្នំខ្នងក្រពើ ដែលជាប្រភពចំណូលរបស់បងប្អូន ប្រជាពលរដ្ឋនៅតំបន់នេះ ក៏ដូចជាបង្កើនឱកាសការងារ និងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការទុកចិត្តនិងជឿជាក់តាមរយៈការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឱ្យឯកឧត្តមបានធ្វើជាតំណាងរាស្ត្រ ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋក្នុង ខេត្តកំពង់ស្ពឺ។
ឯកឧត្តមបានបន្តថា តាមរយៈការបោះឆ្នោតឱ្យបានធ្វើជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺជិត១០ឆ្នាំ (២អាណត្តិ) កន្លងមកនេះ បានផ្តល់ឱកាសឱ្យឯកឧត្តមបានចូលរួមជាមួយរាជជាមួយរដ្ឋបាលខេត្ត ធ្វើការអភិវឌ្ឍ ជួសជុល និងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្សេងៗជាច្រើនជាប្រយោជន៍ដល់អ្នកខេត្តកំពង់ស្ពឺជាបន្តបន្ទាប់។
ជាមួយគ្នានេះ យោងតាមស្មារតីនៃរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជានឹងរៀបចំ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ ឯកឧត្តមបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ជាពិសេស គណបក្សដែលដឹងពីសុខទុក្ខ និងតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច។
ឆ្លៀតឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ សប្បុរសជន ក្រុមការងារប្រធានមន្ទីរសាធារណការ ខេត្តកំពង់ស្ពឺ និងភាគីដទៃទៀតដែលបានចូលរួមចំណែកជួយឧបត្ថម្ភក្នុងការសាងសង់ស្ពានតាំងបំពង់នេះផងដែរ។
សូមជម្រាបជូនថា ស្ពានតាំងបំពង់ដែលដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ប្រើរយៈពេលសាងសង់ ជាង៥ខែ (គិតចាប់ពីការបើកការដ្ឋាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣), ស្ពាននេះមានប្រវែង១៥ម៉ែត្រ ទទឹង៩ម៉ែត្រ បានចំណាយថវិកាសាងសង់ អស់ ១០៨,០០០ (ដប់ម៉ឺនប្រាំបីពាន់) ដុល្លារ៕