សម្តេច ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផលទ្ធផលការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យផលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាននានា អង្គភាពពាក់ព័ន្ធ និងក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ព្រមទាំង អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមសម្តេចផ្ទាល់ សូមថ្លែងអំណរគុណចំពោះវត្តមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ របស់ ឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាទាំងអស់។
សម្តេចក្រឡាហោម បានបន្តថា ថ្ងៃនេះក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដើម្បីពិនិត្យអំពីចំណុចខ្លាំង និងចំណុចខ្សោយ បញ្ហាប្រឈមនានា និងបទពិសោធន៍ ដើម្បីមានមូលដ្ឋានក្នុងការដាក់ចេញនូវទិសដៅបន្ត និងវិធានការសំខាន់ៗសម្រាប់បម្រើឱ្យការងារបោះឆ្នោត ជូនប្រជាពលរដ្ឋនៅឆ្នាំខាងមុខ ជាពិសេស នៅឆ្នាំ២០២៧ និង២០២៨ ដែលជាឆ្នាំនៃការរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៨ ផងដែរ។ សម្តេចក្រឡាហោម បានបន្ថែមថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺកើតចេញពីសកម្មភាពនៃអង្គភាពពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលរាជធានី-ខេត្ត និងរដ្ឋបាលឃុំ សង្កាត់ និងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារក្នុងការជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា សម្រាប់បម្រើដល់ការងាររៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់ជូននូវឯកសារគតិយុត្តមួយដ៏សំខាន់ ជាពិសេស យោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានកំណត់យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចុះឈ្មោះបោះឆ្នោត និងចូលរួមក្នុងការបោះឆ្នោត។ ក្នុងន័យនេះ ដើម្បីធានានូវសិទ្ធិសេរីភាព ក៏ដូចជាកាតព្វកិច្ចនានារបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ក្រសួងមហាផ្ទៃ បានដាក់ចេញផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ និងបានបង្កើតក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ព្រមទាំងណែនាំដល់ថ្នាក់ក្រោមជាតិ ក្នុងការជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពបានប្រើប្រាស់។
សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមថា យោងតាមផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានេះ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ក៏ប៉ុន្តែមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានស្នើសុំរាជរដ្ឋាភិបាល ដើម្បីពន្យានូវដំណើរការនៃការអនុវត្តផែនការនេះរហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដើម្បីបន្តអនុវត្តការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា។ ក្នុងន័យនេះដែរ សម្តេចក្រឡាហោម បានបញ្ជាក់យ៉ាងច្បាស់ថា នេះគ្រាន់តែជាការបិទបញ្ចប់នៃផែនការយុទ្ធនាការតែប៉ុណ្ណោះ មិនមែនមានន័យថាឈប់ផ្តល់សេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋបានទៀតនោះទេ គឺប្រជាពលរដ្ឋនៅតែមានសិទ្ធិអាចទៅទទួលសេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះជាមួយអាជ្ញាធរមូលដ្ឋានបានដដែល។
ក្នុងឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា បានធ្វើសេចក្តីរាយការសង្ខេបស្តីពីលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គោរពជូនសម្តេចក្រឡាហោម និងអង្គប្រជុំបានជ្រាបថា ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ឆ្នាំ១៩៩០ និងដើមទស្សវរ៍ឆ្នាំ២០០០ ព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ដែលជាអត្តសញ្ញាណប័ណ្ណដែលផលិតតាមនិយាមធម្មតា ជាក្រដាស និងផ្លាស្ទិច ចំនួន ០៣លើក ដោយមិនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននោះទេ។ ប៉ុន្តែមកដល់ឆ្នាំ២០១១ ក៏បានប្រែក្លាយប្រភេទអត្តសញ្ញាណប័ណ្ណអេឡិកត្រូនិច ដោយប្រើបច្ចេកវិទ្យាជីវមាត្រចាប់យកខ្ចៅដៃទាំង១០ អាចទប់ស្កាត់និន្ន័យស្ទួន (ការធ្វើ២ដង)។ ការផ្តល់អត្តសញ្ញាណប័ណ្ណអេឡិកត្រូនិចនេះ បានចាប់ផ្តើមអនុវត្តជាផ្លូវការពីឆ្នាំ២០១២ ដែលគិតរហូតមកដល់បច្ចុប្បន្ននេះ ការផលិតផ្តល់ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៥ឆ្នាំឡើង បានប្រមាណ១២លានសន្លឹក ដែលមានសុពលភាពរយៈពេល១០ឆ្នាំ។ ឯកឧត្តម សន្តិបណ្ឌិត បានបន្តថា អំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពប្រើប្រាស់ប្រមាណ ១.៧២៧.០៩៤សន្លឹក។ ឯកឧត្តម សន្តិបណ្ឌិត បន្ថែមថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើងគិតចាប់ពីឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួនសរុប ១២.៧៩៣.៦៧៩ ទិន្នន័យ។ ចំពោះការផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួន ៩២៩.៨១៦ ស្មើ៥៤% លើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពក្នុងឆ្នាំ២០២២ និងត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួនសរុប ១.៧២៧.០៩៤ នាក់។ ហើយចំនួនដែលនៅបន្តផ្តល់ជូនមាន ៧៩៧.២៧៩ នាក់។ ឯកឧត្តម សន្តិបណ្ឌិត ក៏បានលើកឡើងបន្តថា ចំពោះករណីសេសសល់មិនទាន់បានផ្តល់ជូននេះ គឺដោយសារក្រុមការងារ កំពុងមានបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា មានប្រជាជនមួយចំនួនបានធ្វើចំណាក់ស្រុកពីខេត្តមួយទៅខេត្តមួយ ឬចំណាក់ស្រុកទៅក្រៅប្រទេស មិនអាចត្រលប់មកបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតាបាន។ ក្រៅពីនេះ មានប្រជាពលរដ្ឋមួយចំនួន បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ខុសគោលដៅ ដូចជា យកទៅបញ្ចាំជាមួយមីក្រូហិរញ្ញវត្ថុ និងខ្ចីប្រាក់ក្រៅប្រព័ន្ធជាដើម។ លើសពីនេះទៀត ឯកឧត្តម សន្តិបណ្ឌិត បានលើកឡើងថា ទន្ទឹមនឹងការសម្រេចបាននេះ ក្រុមការងារ បានយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំផែនការសកម្មភាព ការផ្តល់ចល័តនៅគ្រប់ទីតាំងដែលអាចធ្វើទៅបានផងដែរ។
ជាថ្មីម្តងទៀត ឆ្លើយតបចំពោះបញ្ហាប្រឈម ករណីយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅប្រើប្រាស់ខុសគោលដៅនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បញ្ហានេះនឹងលែងមានតទៅទៀត បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។ សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា និងអង្គភាពពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តអនុវត្តសម្រេចបានលទ្ធផល និងវឌ្ឍនភាពយ៉ាងល្អប្រសើរ។
ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៏បានណែនាំដល់ក្រុមការងារ និងអង្គភាពពាក់ព័ន្ធឱ្យចូលរួមសហការអនុវត្តនូវផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានេះ ជាបន្តទៀត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់រូបមានអត្តសញ្ញាណប័ណ្ណប្រើប្រាស់សម្រាប់ការចូលរួមបោះឆ្នោតនាពេលដ៏ខ្លីខាងមុខ និងសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃផងដែរ៕