ឧត្តមសេនីយ៍ឯក ឯក សំអូន៖ ការហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំ គ្មានពេលបញ្ចប់ទេ ពិសេសសម្រាប់ទាហាន ការឈប់ហ្វឹកហ្វឺន ឈប់រៀនសូត្រ គឺនៅពេលដែលយើងចូលនិវត្តន៍តែប៉ុណ្ណោះ
ភ្នំពេញ៖ ការងារហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំ មិនមានពេលបញ្ចប់ទេ ជាពិសេសសម្រាប់នាយទាហាន ពលទាហានវ័យក្មេង ការឈប់ហ្វឹកហ្វឺន ឈប់រៀនសូត្រ គឺនៅពេលដែលយើងចូលនិវត្តន៍ បើសិនជាយើងបន្តស្លៀកពាក់ឯកសណ្ឋាននេះ, បន្តអាជីពនេះ, ការងារហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំដោយហេតុថា យើងជាកងកម្លាំង មានកាតព្វកិច្ចចម្បងគឺ ការពារជាតិមាតុភូមិ និងប្រជាជន។
នេះជាការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុន កងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍ នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងកោតសរសើរសិក្ខាកាមកម្លាំងពិសេសប្រឆាំងបាតុកម្ម ដែលបានដាក់បញ្ចូលកម្មវិធីហាត់ក្បាច់គុន ដើម្បីពង្រឹងកាយសម្បទាយោធិន ឲ្យបានរឹងមាំ រហ័សរហួន មានជំនាញ និងចូលរួមចំណែកថែរក្សា សម្បត្តិវប្បធ៌មជាតិ ដែលបានបន្សល់ទុកពីដូនតា និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ដែលបានចងក្រងក្បាច់គុន ចំនួន៣បញ្ជូលគ្នា ជាក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានផ្តល់នូវគន្លឹះ និងការណែនាំសំខាន់ៗមួយចំនួនរួមមាន៖ ត្រូវយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានល្អប្រសើរ ត្រូវមានសាមគ្គីភាពល្អជាមួយមិត្តក្នុងវគ្គដោយចេះជួយគ្នាទៅវិញទៅមក ត្រូវចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗឱ្យបានទាន់ពេលវេលា និងថែរក្សាការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលកំពុងមានសព្វថ្ងៃឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។
ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានណែនាំដល់យោធិន និងសិក្ខាកាមទាំងអស់ត្រូវរក្សាអនាម័យឲ្យបានល្អ ហូបស្អាតរស់នៅស្អាត ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងសូមប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបក្ខភាព នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត។
សូមបញ្ជាក់ថាវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុន កងយោធពលខេមរភូមិន្ទមានសិក្ខាកាម ចំនួន ៥០នាក់ សិក្សារយៈពេល ៤៥ថ្ងៃ។
ជាទីបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានប្រគល់ថវិការជូនដល់វគ្គហ្វឹកហ្វឺន ចំនួន ២.០០០.០០០រៀល និងប្រកាសបើកវគ្កហ្វឹកហ្វឺនចាប់ពីពេលនេះតទៅ៕