នាយករដ្ឋមន្ត្រី បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ ទប់ស្កាត់ក្រុមឧទ្ទាមវាយប្រហារនៅវៀតណាម ដែលអាចរត់ចូលមកកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាជាចំហរ ឲ្យកងកម្លាំងប្រដាប់អាវុធ ត្រូវរួមសហការគ្នាជាមួយសមត្ថកិច្ចវៀតណាម ទប់ស្កាត់ក្រុមឧទ្ទាមវាយប្រហារនៅវៀតណាម ដែលអាចរត់ចូលមកកម្ពុជា។
ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ការសង្ស័យថា មេជនឧទ្ទាមវាយប្រហារនៅវៀតណាម អាចកំពុងលាក់ខ្លួនក្នុងប្រទេសកម្ពុជា ព្រោះមេរបស់ក្រុមឧទ្ទាមនេះមិនអាចមកពីចិន ឬនៅក្នុងទឹកដីវៀតណាម ឬថៃនោះដែរ។ ក្រុមនេះមានអង្គការចាត់តាំងមួយ ច្បាស់លាស់ ហើយអាចប្រើប្រាស់ទឹកដីកម្ពុជា សម្រាប់ធ្វើសកម្មភាព។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «សូមបញ្ជាឲ្យខេត្តរតនគិរី មណ្ឌលគិរី ត្រួតពិនិត្យតាមភូមិ ឲ្យបានជាក់លាក់ ប្រយ័ត្នពួកឧទ្ទាមបាក់ទ័ពមកដេកស៊ីបាយតាមភូមិ នៅទីនោះ ត្រូវធ្វើរឿងនេះឲ្យច្បាស់ ខ្ញុំជឿថាបណ្តាញរបស់វាគឺ ចេញពីកម្ពុជា ដែលផ្គត់ផ្គង់សេវាកម្ម ចូលទៅក្នុងប្រទេសវៀតណាម ព្រោះរឿងនេះវាធ្លាប់កើនមានពីមុនមកហើយ ។ រឿងនេះជាស្ថានភាពធ្ងន់ធ្ងរ ដែលខ្ញុំត្រូវតែបញ្ជាដាច់ខាត គឺអត់មានការលើកលែងទេ ហើយសូមអង្គការអន្តរជាតិទាំងអស់ រាប់ទាំងភ្នាក់ងារអង្គការសហប្រជាជាតិ នេះមិនមានជាការស្វែងរកសិទ្ធិជ្រកកោនខាងនយោបាយ ឬស្វែងរកជីវភាពសេដ្ឋកិច្ចខ្ពស់ជាងទេ ប៉ុន្តែនេះជាអំពើភេរវកម្ម ឬបង្កអសន្តិសុខ មហន្តរាយដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិរបស់ជនជាតិវៀតណាម» ៕