ឯកឧត្តម សាយ សំអាល់៖ កងកម្លាំងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ គឺជាសសរទ្រូង និងជាឆ្អឹងខ្នងរបស់ប្រទេសជាតិ
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ គឺជាសសរទ្រូង និងជាឆ្អឹងខ្នងរបស់ប្រទេសជាតិ។
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ មកពីស្នងការដ្ឋាននគរបាលខេត្ត នគរបាលវរ:ការពារព្រំដែនទឹក អង្គភាពកងទ័ពជើងទឹក តំបន់ប្រតិបត្តិការសឹករងខេត្ត កងរាជអាវុធហត្ថខេត្ត និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍បន្តថា បងប្អូនកងកម្លាំងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ គឺជាមន្ត្រីសាធារណៈ ដែលនៅកៀក នឹងប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជាប្រចាំ រួមចំណែកនៅគ្រប់ដំណាក់កាលដ៏លំបាក និងវែងឆ្ងាយនៃដំណើរកម្ពុជា។ បើគ្មានការលះបង់ និងមនសិការស្នេហាជាតិរបស់បងប្អូនកងកម្លំាងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ ដោយជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលទេ ក៏យើងមិនអាចធានាបាននូវសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយរឹងមាំ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថៃ្ងនេះដែរ។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានសម្តែងការគោរពដឹងគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចរៀងៗខ្លួន ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្មារតីឯកភាពជាតិ ជាធ្លុងមួយ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ មកជាប៉ូលសេដ្ឋកិច្ចទី២ និងជាទីក្រុងអន្តរជាតិ ដ៏ទាក់ទាញ។
ឯកឧត្តមប្រធានក្រុមការងារ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ខេត្តព្រះសីហនុនឹងបន្តរីកចម្រើនឥតឈប់ឈរ ឈានឆ្ពោះទៅសម្រេចបាននូវផែនការប្រែក្លាយខេត្តព្រះសីហនុ ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ក៏ដូចជា ចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់ តាមការគ្រោងទុក ៕