ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំក្រុមការងារនាំយកអំណោយ ឯកឧត្តម ស សុខា និងលោកជំទាវ ទៅចែកជូនកុមារកំព្រានៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ទៅចែកជូនដល់ កុមារកំព្រាចំនួន ១២៣នាក់ ដែលកំពុងស្នាក់នៅ និងសិក្សារៀនសូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់។
សម្ភារះរួមមាន៖ អង្ករចំនួន ០២តោន, មីចំនួន ០៥ កេសធំ, ត្រីខចំនួន ០៨កេសធំ, អាវកីឡា ចំនួន ១៥០អាវ, សាច់ក្រកចំនួន ១២គីឡូក្រាម, ត្រីប្រាហ៊ឺមចំនួន ១០គីឡូក្រាម, ឆៃប៉ូវផ្អែមចំនួន ១០គីឡូក្រាម, ត្រីងៀតចំនួន ១៥គីឡូក្រាម, ងៀតសាច់ជ្រូកចំនួន ០៤គីឡូក្រាម, ទឹកដោះគោជូចំនួន ០៥កេស និងនំប័ងផ្អែមចំនួន ២៤០នំ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរដល់ក្មួយៗដូចខាងក្រោម៖
-ត្រូវខិតខំរៀនសូត្រ ទាន់ខ្លួននៅក្មេង ដើម្បីយកចំណេះជំនាញ ទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន
-សម្រាប់ក្មួយៗ ដែលគ្រប់អាយុត្រូវទៅធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរឲ្យបានទាន់ពេលវេលា
-ចំពោះក្មួយៗដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត កុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ៕