ក្រសួងវប្បធម៌ គាំទ្រសមាគមអ្នកភ្លេងកម្ពុជាដែលបានចូលរួមអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ
ភ្នំពេញ៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងនូវការកោតសរសើរ និងគាំទ្រចំពោះការបង្កើតជាសមាគមអ្នកភ្លេងនេះឡើង ហើយអ្វីដែលសំខាន់គឺការជួយគ្នាទៅវិញទៅមក ។
ជាមួយគ្នានេះជំទាវស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគម ដែលបានផ្តល់ចំណេះដឹង និងគាស់កកាយឡើងវិញ ដើម្បីធ្វើយ៉ាងណាឱ្យកំរិតនៃភ្លេងកាន់តែពីរោះស្របតាមក្បួនខ្នាត និងពិធីផ្សេងៗ និងស្តង់ដារទំនើបស្របតាមបច្ចេកវិទ្យារីកចម្រើននាពេលបច្ចុប្បន្ននេះ។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងឱកាសលោកជំទាវ ទទួលជួប ប្រធានសមាគមអ្នកភ្លេង និងជាសាស្ត្រាចារ្យតូរ្យតន្ត្រី ឯកទេសហ្គីតាសូឡូប្រាំជំនាន់ដឹកនាំដោយលោក ម៉ិញ សុធីវណ្ណ កាលពីថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២៣។
លោកជំទាវ បណ្ឌិតចារ្យរដ្ឋមន្រ្តី បានបន្តទៀតថា អ្វីជាបេសកកម្មលើវិស័យវប្បធម៌គឺក្រសួងគាំទ្រ និងសូមសមាគមបន្តចងក្រងឯកសារជាគោលឲ្យបានច្រើន ដោយមានកិច្ចសហការនិងឯកភាពពីក្រសួង មុនការបោះពុម្ពផ្សាយ ដើម្បីឲ្យឯកសារមួយនេះ ក្លាយជាឯកសារជាតិសម្រាប់កូនចៅច្រើនជំនាន់ទៅមុខទៀត។
លោក ម៉ិញ សុធីវណ្ណ បានបញ្ជាក់ថា សមាគមអ្នកភ្លេងមានទិសដៅ ប្រមូលធនធានមនុស្សវប្បធម៌បន្ថែមទៀត ដើម្បីបង្កើនស្មារតីរួបរួមគ្នា សាមគ្គីគ្នា ជួយគ្នា ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ ដើម្បីចូលរួមធ្វើសកម្មភាពលើកតម្កើងវិស័យសិល្បៈតន្រ្តីឱ្យកាន់តែល្បី និងមានការគាំទ្រច្រើនបន្ថែមទៀត សំដៅរួមចំណែកជួយអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ។
បន្ថែមពីនេះ លោក ភោគ សំអុន អគ្គលេខាធិការសមាគមអ្នកភ្លេងកម្ពុជា ក៏បានលើកឡើងទៀតថា ដើម្បីធានានិរន្តភាពកិច្ចការអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ សមាគមអ្នកភ្លេងត្រូវឈរលើស្មារតី ការងារជាក្រុម ដោយប្រកាន់យកគោលការណ៍នវានុវត្តន៍ប្រកបដោយបរិយាបន្ន។
លោកបន្តថាភារកិច្ចរបស់សមាគមអ្នកភ្លេង គឺការចែករំលែកនិងផ្ទេរចំណេះដឹង ចំណេះធ្វើនូវវិស័យសិល្បៈវប្បធម៌ពីមនុស្សចាស់ទៅយុវជនជំនាន់ក្រោយដែលជាអ្នកបន្តវេនរបស់កម្ពុជា។
សូមបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើនេះផងដែរ សមាគមអ្នកភ្លេងកម្ពុជា ក៏បានប្តេជ្ញាបន្តដំណើរការរៀបចំចងក្រងសមាគមអ្នកភ្លេងបន្ថែមទៀត ដោយមានការចូលរួមជួយជ្រោមជ្រែងពីតន្ត្រីករ សិល្បករ សិល្បការិនី កម្មករ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ព្រមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ននិងគ្រប់ថ្នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជាជាដើម៕