ការចុះបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្ដដឹកកម្មករ និងកម្មករនិយោជិត គឺជាការងារមួយចាំបាច់ដែលត្រូវបន្តធ្វើជាប្រចាំ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានថ្លែងថា ការចុះបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិត គឺជាការងារមួយដ៏ចាំបាច់ដែលយើងត្រូវបន្តធ្វើជាប្រចាំ ដើម្បីរួមចំណែករក្សានូវសុវត្ថិភាពក្នុងពេលធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ព្រោះកន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិអាទិភាពត្រង់ផ្លូវប្រសព្វ ការបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបត់ឆ្វេង បត់ស្ដាំ បត់ត្រឡប់ក្រោយមិនបានត្រឹមត្រូវ មិនប្រកាន់ស្ដាំ និងមិនបានត្រួតពិនិត្យយានយន្ដតាមលក្ខណៈបច្ចេកទេសជាដើម។
ឯកឧត្ដមបានលើកឡើងបែបនេះនៅក្នុងពិធីបើកកិច្ចប្រជុំអប់រំផ្សព្វផ្សាយស្ដីពី “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” ស្ថិតក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ
ឯកឧត្តមបណ្ឌិតអគ្គនាយករងបានបន្តទៀតថា បើទោះបីជាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ មិនអាចជួយឱ្យបងប្អូនជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍បានទាំងស្រុងក៏ពិតមែន ប៉ុន្តែក៏ជាចំណែកមួយ ដើម្បីបញ្រ្ជាបឱ្យអ្នកបើកបររថយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិតទាំងអស់ បើកបរដោយមានទំនួលខុសត្រូវខ្ពស់ក្នុងពេលបើកបរ ហើយត្រូវចេះទទួលខុសត្រូវលើវាសនាខ្លួនឯង និងត្រូវស្រលាញ់អាយុជីវិតអ្នកដ៏ទៃ ឱ្យដូចជីវិតខ្លួនឯង។
ឯកឧត្តមបណ្ឌិតអគ្គនាយករង សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ នឹងជួយបង្កើនចំណេះដឹងឱ្យកាន់តែច្បាស់លើផ្នែកទ្រឹស្តីវិជ្ជាជីវៈ ការចូលរួមអនុវត្តច្បាប់ សីលធម៌ក្នុងពេលបើកបរ ជូនដល់បងប្អូនអ្នកបើកបរយានយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិត លើការការពារសុវត្ថិភាពរបស់ខ្លួន។
ក្នុងឱកាសនោះដែរ ឯកឧត្តម សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងសារក្រើនរំលឹកដល់បងប្អូនអ្នកបើកបរយានយន្តទាំងអស់ត្រូវមានក្រមសីលធម៌លើការបើកបរលើដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រមទាំងថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំកម្មវិធីនេះឡើងដើម្បីឱ្យបងប្អូនកម្មករនិយោជិតទាំងអស់គ្នាបានយល់ដឹងបន្ថែមលើច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយជាពិសេសត្រូវចងចាំថា អាយុជីវិតបងប្អូន គឺពឹងនៅលើមធ្យោបាយផ្ទាល់ និងនៅលើដងផ្លូវ ដែលទាមទារដាច់ខាតនូវការគោរពច្បាប់ចរាចរណ៍ ការពិនិត្យបច្ចេកទេសយានយន្ដ និងស្ថានភាពផ្លូវដែលកំពុងប្រើប្រាស់៕