ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញប្រគល់អណ្ដូងស្នប់ចំនួន ៦អណ្ដូង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍ នៅខេត្តស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់អណ្ដូងស្នប់ចំនួន ៦អណ្ដូង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍ នៅខេត្តស្ទឹងត្រែង ចំនួន ២ស្រុកគឺ ស្រុកសៀមបូក និងស្រុកថាឡាបរិវ៉ាត់។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អនុសាខាកក្រកស្រុកសៀមបូក អនុសាខាកាកបាទក្រហមស្រុកថាឡាបរិវ៉ាត់ អាជ្ញាធរដែនដី ដែលប្រព្រឹត្តទៅនៅភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ជាចាំបាច់ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សានូវអណ្ដូងទឹកស្អាតទាំងនេះ សម្អាតជុំវិញបរិវេណនៃទីធ្លាអណ្ដូង ចូលរួមសាមគ្គីគ្នាដើម្បីអនាម័យភូមិឃុំ ឬសហគមន៍ទាំងមូល ឲ្យបាននូវទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ទន្ទឹមនឹងនោះដែរ សូមប្រជាពលរដ្ឋទាំងអស់ ថែរក្សាអនាម័យបរិស្ថានជុំវិញផ្ទះ ការពារកុំឲ្យមូសខ្លាឬមូសដែកគោលញីខាំ ជៀសវាងកើតជំងឺគ្រុនចាញ់-គ្រុនឈាម ឬជំងឺឆ្លងផ្សេងៗ ព្រោះរដូវនេះជារដូវវស្សារ កុំប្រើប្រាស់គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង លាងដៃឲ្យបានស្អាតជានិច្ចដើម្បីបង្ការជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ជាជំងឺមួយដែលធ្វើឲ្យពិភពលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភផងដែរនោះ ដោយអនុវត្តនូវវិធីងាយៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋទាំងអស់ មានសេចក្ដីសោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលបានប្រគល់នូវអណ្ដូងទឹកស្អាតទាំងនេះជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងសូមជូនពរដល់សម្ដេចប្រធាន និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទាំងមូលឲ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច ទទួលបានតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ក្រៅពីរៀបចំពិធីប្រគល់អណ្ដូងស្នប់ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ក៏បានផ្ដល់ជូននូវអំណោយមនុស្សធម៌មួយចំនួនរួមមាន៖ សារ៉ុង ១ដុំ និងក្រម៉ា ចំនួន ១ដុំផងដែរ ៕