ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ខៀវ កាញារីទ្ធ សហការជាមួយមូលនិធិចក្ខុខ្មែរ ចុះពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ និងកន្ទុយថ្លែនដោយឥតគិតថ្លៃ ជូនពលរដ្ឋក្នុងស្រុកកោះសូទិន
ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានស្រុកកោះសូទិន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក សហការជាមួយ មូលនិធិចក្ខុខ្មែរ KHMER SIGHT FOUNDATION INTERNATIONAL EYE MISSION ចុះទៅជួយធ្វើការពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ និងដុះកន្ទុយថ្លែនដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ នាបរិវេណសាលាបឋមសិក្សាខ្ញូង។
លោក ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះសូទិន បានធ្វើរបាយការណជម្រាបជូនពីដំណើរការពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ នៅក្នុងស្រុកកោះសូទិន សរុបចំនួន២,០១០នាក់ ដែលមានបញ្ហាភ្នែកដោយនៅក្នុងដំណាក់កាលទី១ ពិនិត្យ និងចែកជូនវែនតាម្ញូប សម្រាប់អ្នកដែលពេទ្យពិនិត្យឃើញថា ត្រូវពាក់វែនតា ហើយសម្រាប់ភ្នែកប្រជាពលរដ្ឋខ្លះត្រូវធ្វើការបកភ្នែកឡើងបាយ និងកាត់កន្ទុយថ្លែន នឹងត្រូវបញ្ជូនមកធ្វើការព្យាបាលនៅភ្នំពេញ ដំណាក់កាលទី២។
លោក ទន់ សារ៉ាត បានបញ្ជាក់ថា សម្រាប់អ្នកជំងឺភ្នែកដែលត្រូវមកព្យាបាលនៅភ្នំពេញ កំណត់យក៤០នាក់ ក្នុង១ថ្ងៃ សម្រាកមួយយប់នៅភ្នំពេញ ដោយជួលកន្លែងស្នាក់នៅក្នុង១បន្ទប់៤នាក់ សរុបជាមធ្យមក្នុង១ថ្ងៃ ទាំងអ្នកជំងឺ និងអ្នកកំដរ ប្រមាណ៥០នាក់ ហើយការចំណាយត្រូវបានលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជាអ្នកជួយទាំងអស់។
ជាមួយគ្នានេះ លោក សៅ វណ្ណសិរីវុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានមូនិធិចក្ខុខ្មែរ បានជម្រាបជូនពីបេសកកម្មរបស់មូនិធិចក្ខុខ្មែរ បានធ្វើឡើងរយៈពេលជាង១០ឆ្នាំមកហើយ ក្នុងគោលដៅកាត់បន្ថយភាពងងឹតរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា បក្សពួក នោះទេ គឺសុំឲ្យតែប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ឡើងបាយ ភ្នែកដុះកន្ទុយថ្លែន ដើម្បីក្រុមគ្រូពេទ្យ ខ្មែរ និងបរទេស ដែលមានបទពិសោធន៍ និងជំនាញព្យាបាលភ្នែកឲ្យបានល្អ។ ការព្យាបាលភ្នែកនេះ ដើម្បីស្វែងរកភាពញញឹម ជូនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងមិចឲ្យភ្នែកភ្លឺ ដែលមានសារៈសំខាន់ ព្រោះភ្នែកជាញ្ញាណ១ ក្នុងចំណោមញ្ញាណទាំង៥របស់មនុស្សយើង។
ទាក់ទងការបកភ្នែកឡើងបាយ លោក សៅ វណ្ណសិរីវុទ្ធ បានជម្រាបជូនពីជំនាញ និងបទពិសោធន៍របស់ក្រុមគ្រូពេទ្យ ដែលបានធ្វើកិច្ចការងារនេះអស់រយៈពេលយូរមកហើយ រួមជាមួយនឹងឧបករណ៍ សម្ភារបច្ចេកទេសទំនើបនាពេលបច្ចុប្បន្ន គឺដំណើរការបកភ្នែកធ្វើឡើងត្រឹមរយៈពេល៣០នាទីរួចរាល់ ដោយមិនមានការឈឺចាប់ ហើយរយៈពេលតែ១ថ្ងៃបើកភ្នែកដែលបានបក នឹងភ្លឺឡើងវិញមើលឃើញច្បាស់។ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្មណ៍ ហើយនៅពេលបកភ្នែករួចសូមកុំឲ្យភ្នែកប៉ះទឹក ប៉ះភ្លើង ផ្សែង កុំជក់បារី ហាមធ្វើការងារធ្ងន់ៗ ដែលធ្វើឲ្យសរសៃភ្នែកញ៉ាក់។ វិធានការការពារទាំងអស់ខាងលើនេះ ត្រូវធ្វើរយៈពេល៥ ទៅ៦សប្តាហ៍ ដើម្បីឲ្យភ្នែកបានជាសះស្បើយល្អ។
ក្នុងឱកាសនោះ ឯកឧត្ដម ខៀវ កាញារីទ្ធ បានលើកឡើងថា ការពិនិត្យព្យាបាលភ្នែក គឺសារៈសំខាន់ណាស់ ដើម្បីអាចឲ្យយើងបានមើលឃើញច្បាស់ល្អឡើងវិញ។ ដូច្នេះសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះសូទិន ដែលមានបញ្ហាភ្នែកឡើងបាយ និងដុះកន្ទុយថ្លែន ដែលត្រូវបានក្រុមគ្រូពេទ្យមូលនិធិចក្ខុខ្មែរ ពិនិត្យឃើញនាឱកាសនេះ សូមអញ្ជើញទៅធ្វើការបកភ្នែក និងកាត់កន្ទុយថ្លែននៅភ្នំពេញ តាមការណាត់របស់ពេទ្យ។ ចំពោះថ្លៃស្នាក់នៅ និងការធ្វើដំណើរទៅវិញ ទៅមក លោកនឹងជួយរាប់រងចំណាយ ហើយក៏មានក្រុមយុវជនក្រសួងព័ត៌មាន ចុះជួយសម្របសម្រួលពិនិត្យ មើលបងប្អូនដែលមកព្យាបាលភ្នែកផងដែរ។
ឯកឧត្ដម ខៀវ កាញារីទ្ធ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ នៅពេលធ្វើការបកភ្នែកហើយ ត្រូវស្តាប់តាមការណែនាំរបស់អ្នកជំនាញដែលបានលើកឡើង៤ចំណុចខាងលើ ហើយកុំប្រឹងក្អក ឬក្រដាស់ខ្លាំងៗ ដែលនាំឲ្យប៉ះពាល់ដល់ភ្នែកនៅពេលបក ឬកាត់កន្ទុយថ្លែនរួច។
តាមកម្មវិធីដែលបានគ្រោងទុកសម្រាប់ថ្ងៃទី១នេះ ធ្វើឡើងចំនួន៣ឃុំ រួមមានព្រែកតានង់ អ្នកជំងឺភ្នែក៣១៣នាក់, ឃុំមហាខ្ញូង ១៧០នាក់, ឃុំកំពង់រាប ៣២៦នាក់ សរុប៨០៩នាក់។ ជាលទ្ធផល ការពិនិត្យបានចាប់ផ្តើមនៅវេលា ម៉ោង៩ព្រឹក រហូតមកដល់ម៉ោង ម៉ោង០២៖៣០នាទី រសៀលថ្ងៃទី២៣ ខែមិថុនានេះ គឺពិនិត្យភ្នែកសរុបបាន ៣៩៨នាក់ ក្នុងនោះវាស់ភ្នែកជូនវ៉ែនតាបាន១៦០នាក់។ អ្នកជំងឺឡើងបាយភ្នែក និងដុះកន្ទុយថ្លែនត្រូវបានស្រង់យកទៅបក និងកាត់កន្ទុយថ្លែន មានចំនួន១៨៩នាក់ ស្រី១២៥នាក់។
សម្រាប់ការបន្តពិនិត្យភ្នែកលើកទី២ ធ្វើឡើងនៅថ្ងៃទី២៤ នៅទីតាំងសាលាស្រុកកោះសូទិន ចំនួន៥ឃុំបន្ថែមទៀត រួមមានឃុំកោះសូទិន មានអ្នកជំងឺភ្នែក៣២៨នាក់, ឃុំពាមប្រធ្នោះ ៣៣៦នាក់, ឃុំពង្រ ១៤៦នាក់, ឃុំមហាលាភ ៧៩នាក់ និងឃុំល្វេ ៣១២នាក់ សរុបចំនួន១,២០១នាក់។សូមបញ្ជាក់ថា «មូលនិធិចក្ខុខ្មែរ» ដឹកនាំដោយលោក សៅ វណ្ណសិរីវុទ្ធ និងលោកស្រី ឡុង សុផល្លី ដែលប្រមូលផ្តុំដោយក្រុមគ្រូពេទ្យជនជាតិបរទេស បង្កើតឡើងដោយលោក ង៉ូវ ស្រ៊ុន អាណិកជនខ្មែរ រស់នៅប្រទេសអូស្រ្តាលី ដើម្បីពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋ។ ការពិនិត្យ និងព្យាបាលភ្នែក នាពេលនេះ មាន២ដំណាក់កាល រួមមាន៖ការពិនិត្យ និងព្យាបាលបឋម៖ សម្រាប់អ្នកជំងឺ ដែលពិនិត្យឃើញថា មានបញ្ហាតិចតួច ក្រុមគ្រូពេទ្យអាចផ្តល់ថ្នាំ និងផ្តល់វ៉ែនតា។ ការព្យាបាលដោយការបក និងកាត់ សម្រាប់អ្នកជំងឺដែលពិនិត្យឃើញថា មានបញ្ហាធ្ងន់ធ្ងរ ត្រូវធ្វើការបកភ្នែក និងកាត់កន្ទុយថ្លែន៕