រដ្ឋមន្ត្រីការងារ៖ ភ្នំពេញ និងខេត្តកណ្តាល គឺជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន បានរួមចំណែកផ្តល់ការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋ និងគាំទ្រដល់សេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាសចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាទាំង១៣ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីស្រុកមុខកំពូល ខេត្តកណ្តាលចំនួន៣ និងរាជធានីភ្នំពេញចំនួន១០ (ខណ្ឌឫស្សីកែវចំនួន៨, ខណ្ឌជ្រោយចង្វារចំនួន១ និងខណ្ឌពោធិ៍សែនជ័យចំនួន១)។
រោងចក្រ សហគ្រាសទាំង១៣នេះ មានរោងចក្រកាត់ដេរចំនួន១០ ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន២ និងផលិតស្បែកជើងចំនួន១។ ផលិតផលរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលីជាដើម។
រាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន បានរួមចំណែកផ្តល់ការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋ និងគាំទ្រដល់សេដ្ឋកិច្ចជាតិ។ នៅឆ្នាំ២០២៣នេះ រាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសចំនួន៩,៣១៤ មានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមប្រមាណ ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះ រោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ៧២៧ មានកម្មករ និយោជិតប្រមាណ ៣៤ម៉ឺននាក់ មានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១.១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ដោយឡែកនៅខេត្តកណ្តាលវិញ នៅឆ្នាំ២០២៣នេះ មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោជិតប្រមាណ ១៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរមានចំនួន១៧១ មានកម្មករ និយោជិតសរុបជាង ១៣ម៉ឺន ២ពាន់នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ៤១១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕