ឯកឧត្ដម លី ធុជ៖ ជីវិតរបស់គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ គឺជារបស់ប្រទេសជាតិ របស់សហគមន៍មូលដ្ឋាន និងជារបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានក្លាយ និងបន្តធ្វើជាឆ្អឹងខ្នងជីវិត ជាសសរស្តម្ភ ជាមូលដ្ឋានគ្រឹះ និងអនាគតសម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជាកម្ពុជា គ្រប់កាលៈទេសៈ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្ដម លី ធុជបានសំណេះសំណាលជាមួយមេគ្រួសារបក្សចំនួន ១៥៦៣ នាក់ មកពីសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។
ឯកឧត្ដម លី ធុជបានបញ្ជាក់ថា “ជីវិតរបស់គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ គឺជារបស់ប្រទេសជាតិ របស់សហគមន៍មូលដ្ឋាន និងជារបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ដរាបណាគណបក្សប្រជាជនកម្ពុជានៅមានជីវិត បេសកកម្មរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សទាំងអស់ គឺនៅតែបន្តដើម្បីបម្រើជាតិមាតុភូមិ សហគមន៍មូលដ្ឋាន និងប្រជាជនកម្ពុជា សម្រាប់អនាគតដ៏រុងរឿងនៃយើងទាំងអស់គ្នា។ ការកសាងអនាគតរបស់ប្រទេសជាតិ នៅតែបន្តជានិច្ច និងមិនអាចខ្វះបានពីការចូលរួមនិងដឹកនាំដ៏ប៉ិនប្រសព្វរបស់គណបក្សប្រជាជនកម្ពុជាបានឡើយ។ សន្លឹកឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋ ជូនសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តក្តីសង្ឃឹមសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស”។
ក្នុងឱកាសនោះ ឯកឧត្ដម លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ផ្ញើជូនសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងបាវិត ព្រមទាំងថ្លែងអំណរគុណយ៉ាជ្រាលជូនចំពោះបងប្អូនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងជឿទុកចិត្តចំពោះការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្ដម លី ធុជក៏បានជម្រុញបន្ថែមឲ្យសមាជិក សមាជិកាគណបក្សទាំងអស់ បន្តផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលដាក់ចេញ និងចូលរួមជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យកាន់តែសកម្ម៕