នាយករដ្ឋមន្ត្រីកម្ពុជា៖ សង្គ្រាមរុស្សី-អ៊ុយក្រែន មិនទាន់បានបញ្ចប់ សេដ្ឋកិច្ចពិភពលោក នៅតែប្រឈមនឹងការលំបាក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្យាករណ៍ថា ដរាបណាសង្គ្រាមនៅអ៊ុយក្រែន មិនបញ្ចប់ទេ វិបត្តិសេដ្ឋកិច្ចមិនអាចល្អប្រសើរនោះឡើយ។
ក្នុងឱកាសបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាសចំនួន១៣ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នៅលើពិភពលោក ខ្ញុំយកការទស្សន៍ទាយមួយ ដរាបណា សង្គ្រាមរុស្សី-អ៊ុយក្រែន មិនទាន់បានបញ្ចប់ សេដ្ឋកិច្ចពិភពលោក នៅតែប្រឈមនឹងការលំបាក»។
សម្ដេចតេជោគូសបញ្ជាក់ថា បន្ថែមពីលើនោះទៀត រាជរដ្ឋាភិបាល បានប្រឹងទប់ស្កាត់តម្លៃទំនិញ កុំឲ្យឡើងថ្លៃ។ សម្ដេចថា ការទប់ស្កាត់ទំនិញមិនឲ្យឡើងថ្លៃ គឺជាការបង្កើតកម្លាំងទិញ សម្រាប់ប្រជាជនទូទៅ ក្នុងនោះ ក៏មានកម្មករ-កម្មការិនីផងដែរ ដូចជាអ្វីដែលប្រើប្រាស់ប្រចាំថ្ងៃ ទាក់ទិនជាមួយនឹងស្បៀងអាហារ ៕