ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហាររបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពិការ នៅស្រុកសន្ទុក
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកសន្ទុក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការ នៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ កែ ម៉ៃ អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា លោកព្រិន្ទបាលឯក អ៊ឹម សំអៀង អាយុ៥៥ឆ្នាំ ចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៩៣ នៅអង្គភាពវរសេនាតូចលេខ៥៥ចាស់ ឈរជើងការពារតាមដង ស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ រហូតដល់បឹងទន្លេសាប ខេត្តកំពង់ឆ្នាំង។ លោកបានត្រូវរបួសពិការនៅឆ្នាំ១៩៩៧ សមរភូមិស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ហើយលោកបានទទួលមរណភាពដោយរោគាពាធ កាលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ នៅ ភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោកព្រិន្ទបាលឯក អ៊ឹម សំអៀង ជាអតីតយុទ្ធជនពិការ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក អ៊ឹម សំអៀង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ជាមួយនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាក ជូនដល់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូន និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាព គ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤,០០០,០០០ រៀលសម្រាប់ធ្វើបុណ្យសពផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូម ពរដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោត សូមអញ្ជើញទៅ បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នេះ ឲ្យបានគ្រប់ៗគ្នា ។ ហើយនៅក្នុងឱកាសនេះ ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពនេះបន្ថែមទៀតរួមមាន៖ អង្ករ មីជាតិ ទឹកត្រីទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ដែលត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះផងដែរ ៕