ឧត្តមសេនីយទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់សាលារៀនចំនួន ០២ខ្នង មាន ១២បន្ទប់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកមង្គលបូរី
ភ្នំពេញ៖ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់សាលារៀនចំនួន ០២ខ្នង មាន ១២បន្ទប់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅអនុវិទ្យាល័យរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោក លោកស្រី មន្ត្រីរាជការអាជ្ញាធរក្រុងប៉ោយប៉ែត កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុស្សជាច្រើនរូប។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងបងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ដែលបានចូលរួមថែរក្សា ការពារសន្តិភាព អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋានខេត្តបន្ទាយមានជ័យជារៀងរហូតមក។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យអាទិភាពទាំង៤ គឺ“មនុស្ស ផ្លូវ ភ្លើង ទឹក” ដែលជា សសរស្តម្ភនៃការអភិវឌ្ឍ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកសាងសាលារៀននៅគ្រប់ភូមិ ឃុំ ដើម្បីឲ្យទៅដល់មូលដ្ឋានដែលនៅជិតបងប្អូន ក្មួយនិងចៅៗ (កាលពីមុនយើងរត់រកសាលារៀន តែបច្ចុប្បន្ននេះសាលារៀនរត់រកយើងវិញ) និងបើកឱកាសទូលាយឲ្យយុវជន ឲ្យមានចំណេះដឹង សមត្ថភាព និងជំនាញដើម្បីទទួលបានការងារ និងអនាគតត្រចះត្រចង់។ ដូចនេះការដាក់ សម្ពោធជាផ្លូវការនូវ អគារសិក្សា០២ខ្នង ១២បន្ទប់ នៅក្នុងសាលាអនុវិទ្យាល័យរហាត់ ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី នៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត នៃសមិទ្ធផលទាំងឡាយ នៅក្នុងខេត្តបន្ទាយមានជ័យយើង ក្នុងការបន្តរួមចំណែកយ៉ាងសំខាន់ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីជួយគាំទ្រដល់វិស័យអបរំនៅកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងត្រូវបោះឆ្នោតជូនគណបក្សនយោបាយដែលរួមសុខ រួមទុក្ខជាមួយបងប្អូន ក្មួយៗ គឺមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ យុវជន បងប្អូនទាំងអស់ត្រូវបន្តថែរក្សា ការពារសន្តិភាព និងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ៕