ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បង្ហើបថា ២សប្តាហ៍មុនមកកម្ពុជា ឯកឧត្តមត្រូវគេទូរស័ព្ទហាមថា បើមកកម្ពុជានឹងត្រូវគេចាប់ដាក់ពន្ធនាគារ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហើបថា រយៈពេល ២សប្តាហ៍ មុនមកប្រទេសកម្ពុជាវិញ ឯកឧត្តមត្រូវបានគេទូរស័ព្ទចេញពីបារាំងហាមថា បើមកកម្ពុជានឹងត្រូវចាប់ដាក់ពន្ធនាគារ។
ឯកឧត្តមបណ្ឌិត បានបង្ហើបបែបនេះក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានអះអាងថា ការព្រមាននោះមិនបានប៉ះពាល់ដល់ការធ្វើមាតុភូមិនិវត្តន៍ របស់លោកបណ្ឌិតឡើយ។ ឯកឧត្តមបណ្ឌិត បានបន្តថាពេលនេះ ឯកឧត្តមកំពុងតែធ្វើសន្និសីទសារព័ត៌មាន ពីវិមានសន្តិភាព ដោយមិនមានការចាប់ខ្លួនឡើយ ហើយឯកឧត្តមក៏បានចូលរួមអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាលផងដែរ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា នយោបាយបង្រួមបង្រួមជាតិ ជាពិសេសនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យអ្នកប្រឆាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាច្រើននាក់ បានចុះចូលជាមួយសម្តេចេតជោ។
សូមជម្រាបថា ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានមកដល់ស្រុកខ្មែរវិញក្រោយចាកចេញអស់រយៈពេល ១១ឆ្នាំ ហើយមុនពេលមកស្រុកខ្មែរវិញ ឯកឧត្តមតែងតែបានធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល ពីនាយសមុទ្ទ។
ឯកឧត្តមបណ្ឌិត ត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។
បន្ទាប់ពីមានការតែងតាំងនេះ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិត បានបង្ហាញសមិទ្ធផល និងស្នាដៃធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ដែលនាំមកនូវភាពរុងរឿងសម្រាប់ជាតិ និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។ ស្នាដៃដ៏អស្ចារ្យទៀតនោះ ការរៀបចំព្រឹត្តិការណ៍កម្រិតតំបន់ និងអន្តរជាតិ ដូចជាការប្រកួតកីឡាស៊ីហ្គេមជាដើម នាំឱ្យកិត្តិស័ព្ទជាតិល្បីខ្ទរខ្ទារជាមោទនភាពសម្រាប់ជាតិ និងប្រជាជន។
ក្នុងសេចក្តីថ្លែងការណ៍នេះ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានឆ្លៀតវាយប្រហារលើភាពកម្សោយនៃការដឹកនាំ និងការធ្វើនយោបាយរបស់បក្សប្រឆាំង ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី ផងដែរ។
មួយរយៈចុងក្រោយនេះ សកម្មជនសំខាន់ៗជាច្រើនរបស់ក្រុមប្រឆាំង បានប្រកាសផ្តាច់ខ្លួន ហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ៕