ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានថ្លែងថា ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ពលរដ្ឋរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងឳកាសអញ្ជើញសំណេះសំណាល ជាមួយប្រធាន អនុប្រធានក្រុមបក្ស និងថ្នាក់ដឹកនាំគណបក្សស្រុកកងមាស ចំនួន ៨.៥៤៧នាក់ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងបញ្ជាក់ថា “ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យមានការឯកភាពជាតិ ឯកភាពទឹកដី រក្សាបាននូវស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សណ្តាប់ធ្នាប់សង្គម បង្កើតបាននូវលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ឋិសេរីភាពពេញលេញ រស់នៅប្រកបដោយភាពសុខក្សេមក្សាន្តក្រោមម្លប់សន្តិភាពដ៏ពេញបរិបូរណ៏។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាការពារសុខសន្តិភាពដែលរកបានដោយកម្រនេះឱ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ “
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានជោគជ័យធំៗជាច្រើន ក្នុងនោះជោគជ័យដែលមតិជាតិ និងអន្តរជាតិ កោតសរសើរយ៉ាងខ្លាំងក្លានោះ គឺជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការៀបចំព្រឹត្តិការណ៏ស៊ីហ្គេម និងប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រ ក្រោមទិសស្លោក “កីឡារស់ក្នុងសន្តិភាព” ធ្វើឱ្យអន្តរជាតិស្ងើចសរសើរ ពីសមត្ថភាព និងភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពិសេសថ្មីនេះ រាជរដ្ឋាភិបាល បានសម្រេចស្តារព្រែកជីកពីទន្លេបាសាក់ ទៅសមុទ្រ ដែលមានឈ្មោះថា “ព្រែកជីកហ្វូណន តេជោ” ដែលនឹងផ្តល់អត្ថប្រយោជន៏ដ៏ច្រើនដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងការដឹកជញ្ជូនតាមផ្លូវទឹក។
ឯកឧត្ដមបន្ថែមថា សមិទ្ឋផលទាំងអស់នេះ សុទ្ឋតែកើតឡើងក្រោមមគ្គុទេសគ៍ ដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពភ្លឺស្វាង និងប៉ិនប្រសព្វ មានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនផងដែរ៕