ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ នយោបាយឈ្នះ-ឈ្នះ បានជួយឱ្យប្រទេសជាតិយើង រួចផុតពីសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយជាច្រើនទសវត្ស
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសំរោងធំ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ចើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមណ្ឌលសុខភាពសំរោងធំ និងសមិទ្ធផលនានាក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ។ ដោយមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលខេត្តស្តីទី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ៤០០នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សមិទ្ធផលជាច្រើន ដែលត្រូវបានសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មី បន្ថែមលើសមិទ្ធផលនានារបស់ស្រុកកៀនស្វាយ ដែលត្រូវបានសាងសង់ជាបន្តបន្ទាប់ សំដៅលើកកម្ពស់សោភ័ណភាព ផាសុកភាព និង ជីវភាពរស់នៅ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទូទៅ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា សមិទ្ធផលទាំងនេះ គឺជាសក្ខីភាព នៃការរីកចម្រើនឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាព ដែល សម្ដេចតេជោ នាយករដ្ឋមន្ត្រី បាននាំមកជូន ប្រទេសជាតិ និង ប្រជាជនកម្ពុជាយើង តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមកទល់ពេលនេះ មានរយៈពេល ២៥ ឆ្នាំហើយ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមទៀតថា នយោបាយឈ្នះ-ឈ្នះ បានជួយឱ្យប្រទេសជាតិយើង រួចផុតពីសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយជាច្រើនទសវត្ស និងបាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមល្អ ដែលជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដូច្នោះយើងទាំងអស់គ្នាត្រូវអរគុណសន្តិភាព ស្រឡាញ់សន្តិភាព និងត្រូវរួមគ្នារក្សាសុខសន្តិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់ទៀត។
សូមជម្រាបជូនផងដែរថា សមិទ្ធផលរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលត្រូវបានដាក់សម្ពោធនាឱកាសនេះរួមមាន៖ -អគារផ្នែកពិនិត្យជំងឺកុមារ ១ខ្នង មានទំហំ ១៥.៨ម៉ែត្រ x ៦.៤ម៉ែត្រ របងមណ្ឌលសុខភាពឃុំប្រវែង ១១២.៥ម៉ែត្រ បន្ទប់ទឹកចំនួន០៣ គ្រែពេទ្យចំនួន០៥។
-លុបស្រះទឹកទល់មុខអគារមណ្ឌលសុខភាពចាស់ ទំហំ ៦៨.៥ម៉ែត្រ x ៣២.៥ម៉ែត ។
-អគារមណ្ឌលសុខភាពសំរោងធំ ទំហំ ៣៦.៥ម៉ែត្រ x ៨.៨៥ម៉ែត្រ កម្ពស់ ២ជាន់ មាន ១២បន្ទប់ ដោយមានបំពាក់បរិក្ខារ។
-ផ្លូវលំក្នុងឃុំចំនួន ៣២ខ្សែ ប្រវែងសរុប ១០,៣៧៤ម៉ែត្រ និងស្ថាបនាលូដោះទឹកចំនួន ០៨ខ្សែ ប្រវែងសរុប ១,៨៧៧ម៉ែត្រ ៕