នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សរសើរការរារាំងនៃការវាយប្រហាររបស់អ៊ីរ៉ង់ប្រឆាំងនឹងប្រជាជនអ៊ីស្រាអែល នៅក្នុងប្រទេសស៊ីប
រុងហ្សេរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យបានសរសើរការរារាំងនៃការវាយប្រហាររបស់អ៊ីរ៉ង់ប្រឆាំងនឹងគោលដៅរបស់អ៊ីស្រាអែលនៅក្នុងប្រទេសសុីប។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក Benjamin Netanyahu មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ប៉ុន្តែគេហទំព័រព័ត៌មានអ៊ីស្រាអែល Ynet ដោយមិនបង្ហាញប្រភពរបស់ខ្លួន បានឲ្យដឹងថា ការវាយប្រហារមួយត្រូវបានគ្រោងប្រឆាំងនឹងជនជាតិអ៊ីស្រាអែលដែលស្នាក់នៅក្នុងទីក្រុង Limassol។
ប្រទេសស៊ីបបានបដិសេធមិនធ្វើអត្ថាធិប្បាយលើថាតើការវាយប្រហារមួយត្រូវបានរារាំងឬយ៉ាងណា។
ការិយាល័យរបស់លោក Benjamin Netanyahu បានឲ្យដឹងថា អ៊ីស្រាអែលស្វាគមន៍ចំពោះការបរាជ័យនៃការវាយប្រហារភេរវកម្មអ៊ីរ៉ង់នៅលើទឹកដីនៃប្រទេសសុីប ប្រឆាំងនឹងគោលដៅរបស់អ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អ៊ីស្រាអែលធ្វើប្រតិបត្តិការគ្រប់ទីកន្លែងក្នុងវិធីសាស្រ្តជាច្រើនដើម្បីការពារជនជាតិជ្វីហ្វ និងអ៊ីស្រាអែល ហើយនឹងបន្តធ្វើសកម្មភាពដើម្បីបំបែកក្រុមភេរវករអ៊ីរ៉ង់នៅគ្រប់ទីកន្លែង រួមទាំងនៅលើទឹកដីអ៊ីរ៉ង់ផងដែរ។
នៅពេលសួរអំពីសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល អ្នកនាំពាក្យរដ្ឋាភិបាលស៊ីបលោក Konstantinos Letymbiotis បានឲ្យដឹងថា យើងមិនអាចធ្វើអត្ថាធិប្បាយលើបញ្ហាទាក់ទងនឹងសន្តិសុខជាតិបានទេ។
នៅឆ្នាំ ២០២១ អ៊ីស្រាអែលបានចោទប្រកាន់អ៊ីរ៉ង់ពីបទរៀបចំការប៉ុនប៉ងវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែលនៅប្រទេសស៊ីប បន្ទាប់ពីប៉ូលីសនៅលើកោះមេឌីទែរ៉ាណេបានបញ្ជាក់ថា បុគ្គលប្រដាប់អាវុធម្នាក់ត្រូវបានចាប់ខ្លួន។
ប្រភព៖ CTV News
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]