ឯកឧត្តម ហ៊ុន ម៉ានី៖ សម័យតេជោសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យកម្ពុជាមានសន្តិភាពពេញលេញ ឯកភាពទឹកដី និងឯកភាពជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា “សម័យតេជោសន្តិភាព” ដែលបានចាប់កកើតឡើងពីចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាមានសន្តិភាពពេញលេញ ឯកភាពទឹកដី និងឯកភាពជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រមទាំងរាជរដ្ឋាភិបាលតែមួយ បន្ទាប់ពីជម្លោះបែកបាក់អស់រយៈកាលជាង ៥០០ឆ្នាំ នៅក្នុងដានប្រវត្តិសាស្ត្ររបស់កម្ពុជា។ ទាំងនេះគឺជាអ្វីដែលសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានប្រកបដោយវីរភាពលះបង់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាទាំង ១៧លាននាក់។
ក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានារបស់វត្ត ព្រះពុទ្ធអណ្តែត ហៅវត្តក្តីល្វា ស្ថិតនៅក្នុងភូមិធ្លក ឃុំត្រពាំគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានផ្តល់ការគោរព និងបដិបត្តិតាមបាវចនាជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ។ ទី១- ជាតិ ៖ គឺទឹកដី និងប្រជាជន ដែលក្នុងនេះ គណបក្សប្រជាជនកម្ពុជា បានការពារយ៉ាងប្តូរផ្តាច់នូវបូរណភាពទឹកដី និងបានជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ រួមទាំងការលើកកម្ពស់ជីវភាពរស់នៅផងដែរ។ ទី២- សាសនា ៖ គឺការសង្គ្រោះវិស័យសាសនា ឱ្យរស់ឡើងវិញនៅក្រោយរបបប៉ុលពត និងការលើកស្ទួយវិស័យសាសនា ឱ្យមានការអភិវឌ្ឍរីកចម្រើន ប្រកបដោយសុខ ដុមនីយកម្ម ដើម្បីសេចក្តីសុខផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។ ទី៣- ព្រះមហាក្សត្រ ៖ ដោយក្នុងនេះ ថ្នាក់ដឹកនាំគណបក្ស បានចូលរួមតស៊ូក្នុងព្រៃម៉ាគី តាមការអំពាវនាវរបស់អង្គអតីតព្រះមហាក្សត្រ ។ ជាពិសេសនៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ គណបក្សប្រជាជនកម្ពុជា បានចូលរួមបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ និងបន្តគោរពប្តូរផ្តាច់ការពារយ៉ាងម៉ឺងម៉ាត់ រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត។
ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក៏បានសូមអនុមោទនាត្រេកអរ ចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ នៅក្នុងទីអារាមវត្តក្តីល្វា សម្រាប់បម្រើជាប្រយោជន៍ដល់ការជួបជុំ ការរៀនសូត្ររបស់ព្រះសង្ឃ និងការធ្វើបុណ្យបំពេញទាន តាមប្រពៃណីព្រះពុទ្ធសាសនារបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងមូលដ្ឋាននេះផ្ទាល់ ក៏ដូចជាពុទ្ធបរិស័ទ ដែលអញ្ជើញមកពីគ្រប់ទិសទី ។ គ្រប់សាសនាទាំងអស់ គឺបានអប់រំមនុស្សឱ្យរស់នៅប្រកបដោយធម៌ និងផ្តល់នូវពុទ្ធិបញ្ញាញាណ ដើម្បីបែងចែករវាងអំពើអាក្រក់ និងអំពើល្អ ព្រមទាំងចៀសវាងការប្រើប្រាស់ចំណេះដឹង និងជំនាញទៅក្នុងផ្លូវខុស ដែលអាចនាំមកនូវការបំផ្លិចបំផ្លាញដល់បុគ្គលខ្លួនឯង និងសង្គមជាតិ។ ក្នុងន័យនេះ ការអប់រំដែលពេញលេញ គឺត្រូវដើរទន្ទឹមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក រវាងផ្នែកវិទ្យាសាស្ត្រ និងផ្នែកសាសនា ដើម្បីជួយអភិវឌ្ឍន៍សង្គមមួយ ឱ្យមានការរីកចម្រើនលូតលាស់ ប្រកបដោយគុណធម៌ និងសីលធម៌ខ្ពស់។ ដូចនេះដើម្បីឱ្យប្រទេសជាតិ និងខេត្តកំពង់ស្ពឺ កាន់តែរីកចម្រើនលើគ្រប់វិស័យ សប្បូរសប្បាយរុងរឿងជាងនេះបន្តទៀត សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងនាំគ្នាទៅបោះឆ្នោតជ្រើសរើសគណបក្សនយោបាយណា ដែលបងប្អូនគិតថា បានរួមសុខរួមទុក្ខ និងអាចដឹកនាំប្រទេសឱ្យរីកចម្រើនបន្តទៀត ឱ្យបានគ្រប់ៗគ្នា ៕