សម្តេច ម៉ែន សំអន៖ ពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនព្រមៗគ្នា ខណ:ដែលប្រទសជាតិមានសុខសន្តិភាពពេញលេញ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនព្រមៗគ្នា ខណ:ដែលប្រទសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងបែបនេះក្នុងឱកាសដែរ សម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធិផលនានា ក្នុងវត្តអណ្តូងពោធិ៍ ស្ថិតនៅ ភូមិត្រពាំងបុស្ស ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា សមិទ្ធិផលដែលដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងថ្ងៃនេះគឺជា ទឹកចិត្តសទ្ធាជ្រះថ្លារបស់ ឯកឧត្តម មាស សារិន និងលោកជំទាវ សុខ ផល្លី, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ, ឯកឧត្តម ម៉ែន វិបុល និងលោកជំទាវ, ឯកឧត្តម ព្រាប គារ៉ាត់ និងក្រុមការងារ, ដែលបានចំណាយថវិកាសាងសង់អស់ជាង ៦៣០លានរៀល។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ឲ្យបានយល់ដឹងនូវអំពើល្អ និងអំពើអាក្រក់ជៀសបានការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម និងបានចូលរួមអភិវឌ្ឍជាតិឲ្យមានការីកចម្រើន។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំថែរក្សាការពារឱ្យបាននូវសុខសនិ្តភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងក្នុងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ ជាក់ស្តែង សុខសន្តិភាពដែលប្រជាពលរដ្ឋទទួលបានមកដល់សព្វថ្ងៃនេះ ពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាននោះទេ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានឆន្ទៈការប្តេជ្ញាចិត្តខ្ពស់ ថែរក្សាការពារបុព្វហេតុរួម គឺការកសាង ការពារ និងអភិវឌ្ឍប្រទេស ដោយនាំមកនូវអនាគត់ដ៏ត្រចះត្រចង់ជូនប្រជាពលរដ្ឋ។
សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទាំងអស់គ្នា ដើម្បីធានានូវសុខសន្តិភាព និងធានានូវការអភិវឌ្ឍន៍។
ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានយល់ព្រមទទួលយកសំណើរបិណ្ឌបាត្ររបស់ព្រះចៅអធិការវត្តទួលតាធន់ ដើម្បីកសាងរបងវត្ត ដោយត្រូវចំណាយថវិកាអស់ ៣១លានរៀល ផងដែរ ៕