ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាធាយ
ភ្នំពេញ៖ ឯកឧត្តម វេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ដ្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាធាយ ខេត្តកំពង់ចាម។
ពិធីនេះក៏មានការចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខា ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាព្រមទាំង ឯកឧត្តម លោកជំទាវ ជាអនុប្រធានកិត្តិយសសាខា គណៈ:អភិបាលខេត្ត អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក លោកស្រី ប្រធាន អនុសាខាក្រុង ស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋ និង លោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ សរុប ១,១៥៩នាក់ផងដែរ។
តាមរបាយការណ៍ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានឲ្យដឹងថា អគារស្នាក់ការអនុសាខានេះ មានទីតាំងនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ដើមឡើយជាដីអាករឃុំ ជាប់នឹងថ្នល់ជាតិលេខ៧ មានជម្រៅពី ៤ ទៅ ៦ម៉ែត្រ។ ដោយមើលឃើញពីតម្រូវការចាំបាច់ របស់អនុសាខាស្រុកបាធាយ ដែលពុំទាន់មានទីកន្លែងធ្វើការសមរម្យនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានធ្វើការសម្របសម្រួលកាត់ដីទំហំ ៥,០០០ ម៉ែត្រក្រឡា ហើយរៀបចំចាក់ដីបំពេញអស់រាប់រយពាន់ម៉ែត្រគីប ចំណាយថវិកាប្រមាណជា ១០ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការចូលរួមវិភាគទាន ពីឧកញ៉ា ហេង ឡុង អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូបឹងកេត លោក ផេន សុផល ប្រធានកិត្តិយសអនុសាខាស្រុក និងសប្បុរសជនមួយចំនួន។ ព្រមជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានរៀបចំដំណើរការសាងសង់អគារធ្វើការ ១ខ្នងផ្ទាល់ដី ទំហំ ៨ម៉ែត្រ × ២៤ម៉ែត្រ មានបន្ទប់ធ្វើការចំនួន០២ សាលប្រជុំ១ ដោយឯកឧត្តម បានចំណាយថវិកាផ្ទាល់ខ្លួនអស់ចំនួន ៨ម៉ឺនដុល្លារអាមេរិក។
ទន្ទឹមគ្នានោះដែរ សាខា ក៏បានផ្តល់ថវិកាបដិភាគចំនួន ២៦,៩០៧ដុល្លារអាមេរិកទៀត សម្រាប់សង់ក្លោងទ្វារ និងរបងប្រវែង ៥០ម៉ែត្រ រួមជាមួយ បន្ទប់ទឹកដាច់ដោយឡែក ១ខ្នង មាន ២បន្ទប់ ទំហំ ៤,២ម៉ែត្រ × ៦,៣ម៉ែត្រ។ សំណង់ទាំងនេះ បានសាងសង់រួចជាស្ថាពរនៅថ្ងៃទី២៥ ខែមីថុនា ឆ្នាំ២០២៣ ដោយចំណាយថវិកា សរុបចំនួន ២០៦,៩០៧ដុល្លារអាមេរិក។
គួររំលឹកថា ក្នុងចំណោម ១០ក្រុង ស្រុក ទូទាំងខេត្តកំពង់ចាម ទីស្នាក់ការរបស់អនុសាខា សរុបមានចំនួន ៩ស្រុក ក្នុងនោះ អាគារធ្វើការរបស់អនុសាខាស្រុកចំនួន០៦ ស្ថិតក្នុងបរិវេណសាលាស្រុក និង អគារធ្វើការអនុសាខាស្រុកចំនួន០៣ ស្ថិតនៅដោយឡែកដាច់ពីសាលាស្រុក ក្នុងនោះ មានទីស្នាក់ការអនុសាខាស្រុកបាធាយ ផងដែរ លើកលែងតែអនុសាខាក្រុងកំពង់ចាម ត្រូវបានរៀបចំ ឲ្យមានការិយាល័យមួយ ស្ថិតនៅក្នុងសាលាក្រុងតែម្ដង។
តាងនាមរាជរដ្ឋាភិបាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អាណត្តិទី៥ ជាពិសេសការខិតខំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា ដែលបានផ្ដួចផ្ដើម និងដឹកនាំ កសាងសមិទ្ធិផលថ្មីមួយនេះ ដោយបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ផង និងប្រើប្រាស់ថវិកាបដិភាគរបស់សាខា ផង ហើយថែមទាំងបានចលនាកៀរគរមូលនិធិ ពីសប្បុរសជននានា មានដូចជា ឧកញ៉ា ហេង ឡុង និងលោក ផេនសុផល ជាដើម ចូលរួមវិភាគទានក្នុងស្មារតីនៃវប្បធម៌ចែករំលែក ដើម្បីរៀបចំឲ្យអនុសាខាស្រុកបាធាយ មានទីតាំង មានកន្លែងធ្វើការត្រឹមត្រូវ ប្រកបដោយ ផាសុកភាព បង្កលទ្ធភាព អោយស្ថាប័ននេះ បំពេញប្រតិបត្តិការមនុស្សធម៌ក្នុងការ ជួយសង្គ្រោះ និងជួយដោះស្រាយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដែលត្រូវការជំនួយ ជាចាំបាច់។
បន្ថែមលើនេះ អគារទីស្នាក់ការអនុសាខាស្រុក នាពេលនេះ នឹងបានដើរតួនាទីយ៉ាងសំខាន់ ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ កាន់តែប្រសើរជាងមុន ជួយរងគ្រោះ បានច្រើនជាងមុន ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព ធ្វើឲ្យយុទ្ធសាស្ត្រឆ្នាំ ២០២១-២០៣០ លើវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា សម្រេចបានបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធិផលថ្មីដែលសម្រេចបាននាពេលនេះ រួមជាមួយ អ្វីៗដែលយើងមានសព្វថ្ងៃ គឺបានមកដោយសារប្រទេសជាតិយើង មានសុខសន្តិភាព ក្រោមមគ្គុទ្ទេសក៏ដឹកនាំដ៏ឈ្លាសវៃ ប្រាកដនិយម របស់សម្តេចតេជោ ហ៊ុន សែន។ ពិតណាស់ កត្តាសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាង និងអភិវឌ្ឍសង្គមជាតិ។ យើងទាំងអស់គ្នា ចងចាំ និងដឹងគុណជានិច្ច ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក នៃនយោបាយឈ្នះ-ឈ្នះ និងជាស្ថាបនិកសន្តិភាព ដ៏ឆ្នើមរបស់កម្ពុជា។ យើងប្តេជ្ញា ថែរក្សាការពារមរតកសន្តិភាពតេជោ សែន អោយស្ថិតស្ថេររឹងមាំជាអង្វែងតទៅ ដើម្បីបង្កលទ្ធភាពអោយរាជរដ្ឋាភិបាល បន្តអភិវឌ្ឍប្រទេសជាតិយើង។
ក្នុងឱកាសនោះ បន្ទាប់ពីបានកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារទីស្នាក់ការអនុសាខាស្រុកបាធាយ រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ឯកឧត្តម ប៉ាន សូរស័ក្តិ និងឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងបានដាំដើមឈើជានិមិត្តរូប ក្នុងបរិវេណទីស្នាក់ការ។
ជាមួយនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវវត្ថុអនុស្សាវរីយ៍កម្រងដៃមាន សារុង ក្រណាត់ស និងថវិកា ជូនបងប្អូន ប្រជាពលរដ្ឋ ៩០០នាក់ លោកតា លោកយាយ សីលវ័ន សីលវតី ១១០នាក់ និងក្មួយៗ យុវជនកាកបាទក្រហមកម្ពុជា ៥៣នាក់ ផងដែរ ៕