មន្ត្រី ប.ស.ស.ចូមរួមក្នុងកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធស្ដីពី “កិច្ចគាំពារសង្គមសម្រាប់កម្មករស្ត្រីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ”
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ដោយទទួលបានការចាត់តាំងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម លោក លៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម នៃ ប.ស.ស. បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធ ស្ដីពី “កិច្ចគាំពារសង្គមសម្រាប់កម្មករស្ត្រីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ។
លោក លៀង ពន្លក បានឱ្យដឹងថា កិច្ចពិភាក្សាពេញមួយព្រឹកនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមលើកកម្ពស់កិច្ចគាំពារសង្គមប្រកបដោយបរិយាប័ន្ន និងលក្ខខណ្ឌការងារល្អប្រសើរសម្រាប់កម្មករជាស្ត្រី នៅក្នុងប្រទេសកម្ពុជា និងដើម្បីពង្រឹងកិច្ចគាំពារសង្គមក្រោមគោលការណ៍មិនទុកនរណាម្នាក់ចោល ព្រមទាំងធានាដល់ក្រុមដែលមិនត្រូវបានរួមបញ្ចូល ដូចជាស្ត្រីជាអ្នកលក់ដូរតាមផ្លូវ អ្នករើសអេតចាយ និងបុគ្គលិកធ្វើការតាមផ្ទះ ព្រមទាំងអ្នកដឹកជញ្ជូនជាស្ត្រី ឱ្យទទួលបាននូវសិទ្ធិគាំពារសង្គមក្នុងការរស់នៅរួមមាន សេរីភាព សមធម៌ សន្តិសុខ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដែលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងវិសមភាពយេឌ័រ។
លោក លៀង ពន្លក បានបញ្ជាក់ទៀតថា ថ្មីៗនេះ ប.ស.ស. ក៏បាន និងកំពុងអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងការអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផងដែរ ដែលនេះឆ្លុះបញ្ចាំងពីការចូលរួម ក្នុងការលើកកម្ពស់កិច្ចគាំពារសង្គមកម្ពុជា ពិសេសការគាំពារទៅលើកម្មករជាស្ត្រី ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា កិច្ចពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយអង្គការអាក់សិនអេតកម្ពុជា (AAC) និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធសរុបប្រមាណជា ៥០រូប៕