ឯកឧត្ដម ហ៊ុន ម៉ានី អបអរសាទរ ខួបអនុស្សាវរីយ៍ទី ៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហោះសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៨ ខែមិថុនានេះដោយបាន អបអរសាទរ ខួបអនុស្សាវរីយ៍ទី ៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។
ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាប្រសូតចេញពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាក្នុងការចូលរួមដណ្តើមឯករាជ្យជាតិ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលបានបន្តបេសកកម្មរបស់ខ្លួនដើម្បីជាតិមាតុភូមិ និងប្រជាជនជារៀងរហូតតមក។ ៧២ ឆ្នាំ កន្លងមកនេះគណបក្សសម្រេចបានសមិទ្ធផលដ៏មានតម្លៃកាត់ថ្លៃពុំបានជូនជាតិ មាតុភូមិ និងប្រជាជន ជាពិសេសការរំដោះប្រទេសចេញពីក្រញ៉ាំនៃបនប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងថ្ងៃ ៧ មករា ១៩៧៩។ ជាមួយនឹងជ័យជម្នះដែលទទួលបាននេះ គណបក្សបានបន្តបេសកកម្មរបស់ខ្លួនក្នុងការកសាងជាតិ មាតុភូមិ ចេញពីគំនរផេះផង់ឈានឆ្ពោះទៅរកការអភិវឌ្ឍ សំបូររុងរឿង។ គណបក្សបានធ្វើពលិកម្មឥតគណនាដើម្បីបុព្វហេតុ សន្តិភាព សុភមង្គល និងវឌ្ឍនភាពជាតិ។
ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែមថា ក្នុងនាមជាកម្មាភិបាលជំនាន់ក្រោយ យើងខ្ញុំសូមប្តេជ្ញាបន្តថែរក្សាមាគ៌ាស្នេហាជាតិ មាតុភូមិ និងប្រជាតិដ៏ជ្រាលជ្រៅ ដែលបានកសាង ពូនជ្រុំ និងចាក់ឬសយ៉ាងមាំដោយថ្នាក់ដឹកនាំគណបក្សគ្រប់ៗជំនាន់៕