ប្រមុខរាជរដ្ឋាភិបាល៖ បើពិភពលោកកាត់បន្ថយ ការផលិតសព្វាវុធត្រឹម ៥០% មកផលិតទំនិញ និងថ្នាំពេទ្យ គឺល្អណាស់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លើកឡើងថា បើពិភពលោកកាត់បន្ថយ ការផលិតសព្វាវុធត្រឹម៥០ភាគរយ មកផលិតបរិក្ខារពេទ្យ និងសម្ភារៈបម្រើការរស់នៅរបស់ប្រជាពលរដ្ឋ គឺល្អណាស់ សម្រាប់មនុស្សជាតិ ។
ក្នុងឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនីសរុបប្រមាណ១៨,៣១៣នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន១៧ ដែលកំពុងដំណើរការអាជីវកម្ម ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បើសិនជាពិភពលោក នាពេលបច្ចុប្បន្ននេះ ផ្ទេរពីការផលិតអាវុធ ដើម្បីសម្លាប់គ្នា ទៅជាការផលិតទំនិញ ជាពិសេសថ្នាំពេទ្យថោកៗ គឺវាល្អ។ កាត់បន្ថយការចំណាយ ផលិតអាវុធសម្លាប់គ្នា ត្រឹមតែ៥០ភាគរយ មកផលិតមធ្យោបាយដឹកជញ្ជូន ជាពិសេសថ្នាំការពារសុខភាព» ៕