រដ្ឋបាលរាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១១កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន គណៈប្រតិភូសវនកម្មផ្ទៃក្នុង នាយករដ្ឋបាល នាយករងរដ្ឋបាល រដ្ឋបាលនាយកទីចាត់ ប្រធានអង្គភាព គណៈអភិបាលខណ្ឌ ស្នងការរងនគរបាលរាជធានីភ្នំពេញ ប្រធានពន្ធនាគារ អធិការនគរបាលខណ្ឌ និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម កើត ឆែ អភិបាលរង មានមតិស្វាគមន៍យ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក និងសមាជិក សមាជិកា ប្រតិភូអមដំណើរ ដែលបានអញ្ជើញផ្តល់កិត្តិយស ក្នុងកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុងនាវេលានេះប្រកបដោយសេចក្តីសោមនស្សរីករាយ និងបានណែនាំដល់អង្គភាពពាក់ព័ន្ធ ត្រូវធ្វើកិច្ចសហការល្អជាមួយនឹងគណៈប្រតិភូសវនកម្មផ្ទៃក្នុង ដើម្បីឱ្យការងារមានភាពរលូន ប្រកបដោយស្មារតីទទួលខុសត្រូវ។
ជាកិច្ចបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក បានថ្លែងអំណរអរគុណ និងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងកម្មវិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធនាវេលានេះ ប្រកបដោយភាពស្និទ្ធស្នាល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបន្តទៀតថា យោងតាមលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារគណៈប្រតិភូសវនកម្មផ្ទៃក្នុង ចុះបំពេញបេសកកម្មធ្វើសវនកម្មនៅភូមិសាស្រ្តរាជធានី លើផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយត្រួតពិនិត្យលើ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក។
បន្ថែមលើសពីនេះទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពដែលពាក់ព័ន្ធ ជាពិសេសមន្ដ្រីជំនាញ ឱ្យសហការជាមួយក្រុមគណៈប្រតិភូសវនកម្មផ្ទៃក្នុង ដើម្បីពិនិត្យទៅលើការដំឡើងឋានន្តរស័ក្តិមន្រ្តីនៅក្នុងអង្គភាព ដែលបានបំពេញភារកិច្ចបានល្អត្រូវមានការលើកទឹកចិត្ត និងពិនិត្យមើលមន្ត្រីដែលឡើងឋានន្តរស័ក្កិខុសពីនីតិវិធីច្បាប់ ជៀសវាងការតែងតាំងមុខតំណែងដំឡើងឋានន្តរស័ក្តិ គ្មានគោលការណ៍ច្បាស់លាស់ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធលើកទឹកចិត្ត មានការថ្នាំងថ្នាក់ និងបាត់បង់ឆន្ទះក្នុងការបំពេញភារកិច្ច នាំឱ្យបាត់បង់ដំណើរការជោគជ័យរបស់អង្គភាព។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងអង្គប្រជុំទាំងមូលដែលបានចំណាយពេលដ៏មានតម្លៃក្នុងការបើកកិច្ចសវនកម្មផ្ទៃក្នុង ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយ និងសូមជូនពរឱ្យជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕