ឯកឧត្តម ហ៊ុន ម៉ានី បន្តជួបជាមួយសំណេះសំណាល ជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សរុបប្រមាណ ៣០០នាក់
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តមអនុប្រធាន និងថ្នាក់ដឹកនាំ ស.ស.យ.ក. នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញបន្តជួបជាមួយសំណេះសំណាល ជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលជាថា្នក់ដឹកនាំ គណៈគ្រប់គ្រង់សាលា សាស្ត្រាចារ្យ និងសិស្សនិស្សិត សរុបប្រមាណ ៣០០នាក់។
ជាកិច្ចចាប់ផ្ដើម លោកជំទាវ ទេប កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមប្រធានក្នុងពិធីសំណេះសំណាលនាព្រឹកនេះ ដែលពិតជាបានបង្ហាញពីការយកចិត្តទុកខ្ពស់ចំពោះសមាជិក សមាជិកាស.ស.យ.ក.ទាំងអស់។
ជាមួយគ្នានេះ លោកជំទាវសាកលវិទ្យាធិការ បានធ្វើរបាយការណ៍សង្ខេបស្ថីពីការបំពេញភារកិច្ច បេសកកម្ម និងសកម្មភាពការងាររបស់ខ្លួនទាក់ទងទៅនឹងការងារយុជនស្របតាមតម្រូវការរបស់ ក.យ.គ. និងស.ស.យ.ក. ជាពិសេសការខិតខំប្រឹងប្រែងធ្វើចលនា កៀគរ និងប្រមូលផ្ដុំនិស្សិត ដើម្បីគាំទ្រ និងចូលរួមក្នុងសកម្មភាពនានារបស់ស.ស.យ.ក ដើម្បីបុព្វហេតុជាតិ។
ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានបង្ហាញពីភាព ជោគជ័យក្នុងការអនុវត្តផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់សកលវិទ្យាល័យខ្លួន ក្នុងនោះរួមមានការសហការក្នុងការអប់រំ និងបណ្ដុះមនសិការ លើកទឹកចិត្តដល់និស្សិតឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព ជាពិសេសផ្ដល់កិច្ចសហការល្អដល់ ក.យ.គ.សម្រាប់ការរៀបចំសិក្ខាសាលា ឬព្រឹត្តិការណ៍សំខាន់ៗ។ ហើយលើសពីនោះថែមទៀត សាកលវិទ្យាល័យ ក៏បានផ្ដល់កិច្ចសហការជាមួយ ក.យ.គ. ដើម្បីចូលរួមផ្សព្វផ្សាយអំពីបេសកកម្មនានារបស់ស.ស.យ.ក.និង បំពេញការងារផ្សេងៗប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្មោះត្រង់ជានិច្ច ៕