ប្រជាពលរដ្ឋងាយរងគ្រោះ ១០៤គ្រួសារ នៅក្នុងសង្កាត់សួង ក្រុងសួង បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន លេខាធិការ សមាជិក សមាជិកា សាខា អនុសាខាក្រុងសួង ក្រុមកាកបាទក្រហមកម្ពុជាសង្កាត់សួង ជាមួយអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការី ចុះទៅសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពក្រីក្រខ្វះខាត សរុបចំនួន១០៤គ្រួសារ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានពាំនាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជារឿយៗសម្តេចតែងតែមានក្តីអាណិតអាសូរ និងយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា សូមពូ មីង អ៊ុំ និងបងប្អូនទាំងអស់គ្នាសូមជួយថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងសូមបន្តអនុវត្តន៍ការទៅចាក់វ៉ាក់សាំងដុសជម្រុញបន្ថែមទៀតដើម្បីការពារជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នាទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការអំពាវនារបស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនេះដែរក្រុមគ្រួសារទាំង២៣៣គ្រួសារបាននាំគ្នាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាបាទក្រហមកម្ពុជា ខេត្ត ដែលតែងតែបានគិតគូរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងទឹកចិត្តជ្រះថ្លា ក៏ដូចជាជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា ។
អំណោយដែលសាខាផ្តល់ជូនដល់គ្រួសារនីមួយៗរួមមាន ÷ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអុីវ ១យួរ និងថវិកាមួយចំនួនផងដែរ៕