អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់កម្មករនិយោជិត សូមរួមគ្នាថែរក្សាសន្តិភាព ព្រោះបើគ្មានសន្ដិភាពគឺគ្មានរោងចក្រ សហគ្រាស ក្រុមហ៊ុន គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅចំការកៅស៊ូតាប៉ាវ ខូ.អិលធីឌី ស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន ៤៩៥នាក់។
បើតាមលោក អ៊ុំ វាសនា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជិវៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នេះជាលើកទី៤ហើយ សម្រាប់ខែមិថុនា ឆ្នាំ២០២៣នេះ ដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះជួបសំណេះសំណាល ក្នុងនោះ លើកទី១ នៅរោងចក្រថបស៊ីលវើរ លីមីធីត សាខាទី១ ក្នុងស្រុកអូររាំងឪ ចំនួន ៧៤៥នាក់, លើកទី២ នៅរោងចក្រសុហ្សេន អ៊ិបដាសស្ទ្រៀល ក្នុងក្រុងសួង ចំនួន ៦៦១នាក់, លើកទី៣ នៅក្រុមហ៊ុន អាម៉ាឌី គ្រុបចំការកៅស៊ូពាមជាំង និងលើកទី៤នេះ នៅចំការកៅស៊ូតាប៉ាវ ខូ.អិលធីឌី ស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ចំនួន ៤៩៥នាក់។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានគូសបញ្ជាក់ថា គោលដៅនៃជំនួបជាមួយកម្មករនិយោជិត គឺដើម្បីស្វែងយល់ពីសុខទុក្ខកម្មករ កម្មការីនី ដែលកំពុងបម្រើការងារតាមបណ្ដារោងចក្រ សហគ្រាស ក្រុមហ៊ុននានា នៅទូទាំងខេត្ត និងក៏ដើម្បីអោយរដ្ឋបាលខេត្ត មានឱកាសក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជូនដល់កម្មករ កម្មការិនីផងដែរ។
ឯកឧត្តមបណ្ឌិត បានបន្ត ថាការបន្តចុះជួបដោយផ្ទាល់នេះ គឺស្របនឹងគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានផ្ដួចផ្ដើមគំនិតចុះផ្ទាល់តាមរោងចក្រ ជួបផ្ទាល់ជាមួយកម្មករនិយោជិតជាបន្តបន្ទាប់ ទាំងកម្មករនិយោជិត និងទាំងម្ចាស់រោងចក្រ ដោយបានពិភាក្សាគ្នា និងដោះស្រាយដោយផ្ទាល់រាល់បញ្ហាប្រឈមនានា ដែលកើតមានឡើង។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់កម្មករនិយោជិត សូមរួមគ្នាថែរក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាពគឺគ្មានរោងចក្រ សហគ្រាស ក្រុមហ៊ុន គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ។ ដូច្នេះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាព្រឹត្តិការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា សូមបោះឆ្នោតជូនគណបក្សប្រជាជនប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលមានលេខរៀងទី១៨ ដើម្បីរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេណ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាល ដោយបានផ្ដល់ជូនថវិកាក្នុងម្នាក់ៗ ១ម៉ឺនរៀល ក្រមាម្នាក់១ ចំពោះស្រ្តីមានផ្ទៃពោះ ជូនថវិកាក្នុងម្នាក់ៗ ១០ម៉ឺនរៀល និងក្រមាម្នាក់១ផងដែរ ៕