មណ្ឌលផ្តល់សេវាសាធារណៈទី៧ និងកម្មវិធីទូរស័ព្ទដៃ MPWT Public Service Tracking ត្រូវបានប្រកាសបើកឱ្យដំណើរការជាផ្លូវការ
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធបើកឱ្យដំណើរការជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈ ផ្សារទំនើប អ៊ីអនម៉ល មានជ័យ ដោយមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន ថ្នាក់ជាតិ និងក្រោមជាតិ លោកអគ្គនាយកក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី លោក លោកស្រី តំណាងសមាគម គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុនដៃគូ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សរុបប្រមាណ ៥០០នាក់។
មណ្ឌលផ្តល់សេវាសាធារណៈថ្មី ដែលប្រារព្ធពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការនាឱកាសនេះ ជាទីតាំងទី៧ រាប់ចាប់តាំងពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបង្កើតឱ្យមានមណ្ឌលផ្តល់សេវាសាធារណៈ នៅតាមផ្សារទំនើប និងទីប្រជុំជននានា។ កើតចេញពីកិច្ចសហការក្នុងការសាងសង់ និងរៀបចំប្រព័ន្ធប្រតិបត្តិការដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទនងសាធារណៈ រួមជាមួយនឹង ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី មណ្ឌលផ្ដល់សេវាសាធារណៈនេះ មានទំហំទីតាំងសរុប ៩៨,៥០ ម៉ែត្រក្រឡា ស្ថិតនៅជាន់ទី១ ក្នុងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ស្ថិតតាមបណ្តោយមហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានបំពាក់ឧបករណ៍សម្ភារបរិក្ខាទំនើប សម្រាប់ស្រួលដល់ប្រតិបត្តិការ។
បើកដំណើរការចាប់ពីម៉ោង ៩ព្រឹក ដល់ ១០យប់ ៧ថ្ងៃ ក្នុងមួយសប្តាហ៍ និងមានសមាសភាពបម្រើការងារចំនួន១៦រូប ប្រកបដោយក្រមសីលធម៌ និងរួសរាយរាក់ទាក់។ មណ្ឌលនេះនឹងបើកឱ្យផ្ដល់សេវាដូចជា៖ (១)ប្ដូរ/ពន្យារបណ្ណបើកបរយានយន្ត (២)ដាក់ពាក្យត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬហៅថាឆៀក (៣)ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានជំនិះ និង (៤)បំពាក់ឧបករណ៍ ETC លើយានយន្ត និង លតាបត្រអនុញ្ញាតទោចក្រយានយន្ត ៥០០cc ឬ ២៧kW ឡើងទៅធ្វើដំណើរលើផ្លូវល្បឿនលឿន។
យោងតាមរបាយការណ៍ គោរពជម្រាបជូនអង្គពិធីដោយ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទនងសាធារណៈ បានឱ្យដឹងថា៖ រាល់ការផ្តល់សេវាសាធារណៈ នៅក្នុងមណ្ឌលនេះ គឺសុទ្ធតែធ្វើឡើងតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ១០០% ដែលអនុញ្ញាឱ្យធ្វើការបង់ប្រាក់តាមប្រព័ន្ធទូទាត់ប្រាក់ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ ចំនួន ១២ស្ថាប័ន ផ្តល់ភាពងាយស្រួលជូនដល់សាធារណៈជន ដែលមកប្រើប្រាស់សេវានៅទីនេះ និងស្របតាមយុគសម័យឌីជីថលូបនីយកម្ម។
នៅក្នុងឱកាសនេះដែរ ក្រៅពីការពង្រីកបន្ថែមទីតាំងផ្តល់សេវា និងជាចំណងដៃបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងការតាមដានការស្ថានភាពការទទួលសេវាសាធារណៈ ឱ្យកាន់តែមានភាពងាយស្រួល ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីថ្មីមួយ គឺកម្មវីធី MPWT Public Service Tracking។ កម្មវិធីនេះ ផ្តល់លទ្ធភាពឱ្យតាមដានពាក្យស្នើសុំសេវាសាធារណៈ ដោយស្គេន QR Code ឬវាលេខវិក្កយបត្រ នោះកម្មវិធី Mobile App នឹងប្រាប់អំពីស្ថានភាព ថាតើពាក្យស្នើសុំសេវានោះបានដល់ ដំណាក់កាលណាមួយ នាពេលណា ជាបន្តបន្ទាប់ រហូតការផ្តល់សេវាត្រូវបានបញ្ចប់។
ក្រៅពីនេះដើម្បីឆ្លើយតបទៅនឹង ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីបង្កលក្ខណៈ ឱ្យកាន់តែងាយស្រួលក្នុងការប្រឡងយកបណ្ណបើកបរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំ កម្មវិធីយល់ដឹងពីទ្រឹស្តីនៃការបើកបរ Cambodia Driving Rules Mobile App សព្វថ្ងៃមានអ្នកប្រើប្រាស់ប្រមាណជាង ៦៣ម៉ឺននាក់ហើយ។ កម្មវិធីនេះមានទាំងភាសាខ្មែរ និងអង់គ្លេស ព្រមទាំងមានសំឡេងនិយាយ អាចដំឡើងប្រើប្រាស់នៅលើ Tablet Smart Phone ដែលដំណើរការដោយ iOS និង Android។ ដោយមានការចង្អុលបង្ហាញ ឯកឧត្តមទេសរដ្ឋមន្ត្រី អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទនងសាធារណៈ បានធ្វើទំនើបកម្មកម្មវិធីនេះ ឱ្យអាចដំណើរលើកុំព្យូទ័រ ដោយគ្រាន់តែបើកកម្មវិធីនេះក្នុង គេហទំព័រដែលមានអាសយដ្ឋាន៖ dr.mpwt.gov.kh។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងផ្សារ អ៊ីអនម៉ល ដែលបានផ្តល់ទីតាំងសម្រាប់ការផ្តល់សេវាសាធារណៈ ដោយឥតគិតថ្លៃរយៈពេល ៥ឆ្នាំ តំាងពីផ្សារទំនើបអ៊ីអនម៉លទី១ ទី២ ឥឡូវមកដល់ ទី៣ បន្ថែមទៀត ព្រមទំាងបានកោតសរសើរដល់ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដែលបានខិតខំប្រឹងប្រែងរៀបចំសាងសង់មណ្ឌលផ្តល់សេវាសាធារណៈ ថ្មីមួយនេះ និងអរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរៀបចំ កម្មវិធីដើម្បីបានដាក់ដំណើរការជាស្ថាពរនាថ្ងៃនេះ។
អ្វីដែលមិនអាចរំលងបានគឺ អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលបានអភិវឌ្ឍប្រទេស តាំងពីចំណុចសូន្យរហូតដល់ប្រទេសកម្ពុជាមានការរីចម្រើនគ្រប់វិស័យ និងមានធនធានមនុស្ស និងធ្វើឱ្យប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះ កិតិ្តយស លើឆាកអន្តរជាតិផងដែរ៕