ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបារាយណ៍ ស្រុកព្រៃឈរ
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបារាយណ៍ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហូ ស៊ីយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបារាយណ៍ ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំងអស់នៃស្រុកព្រៃឈរ, ឯកឧត្តម មាស ទួក ប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃឈរ, លោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំបារាយណ៍ ជាច្រើនរូប។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបារាយណ៍ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ បង្ហាញឱ្យឃើញពីភាពរីកចម្រើន ច្បាស់លាស់ និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ អស់រយៈពេលជាង ៤៤ឆ្នាំកន្លងទៅ បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយប្រជាជន និងបានប្រែក្លាយកម្ពុជាពីរបបវាលពិឃាត ទៅជាទឹកដីដ៏ស្រស់បំព្រង ដែលប្រជាជនបានរស់នៅយ៉ាងសុខដុមរមនាក្នុងសន្តិភាព ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ បន្តយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតីដើម្បីកសាង និងការពារមាតុភូមិរបស់ខ្លួន។
ឯកឧត្តមប៉ាន សូរស័ក្តិ បានបន្តថា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានការពារយ៉ាងរឹងមាំនូវសន្តិភាព ដោយសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនរួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ព្រំដែន។ លើសពីនេះ កម្ពុជាក៏ទទួលបាននូវកិត្យានុភាពកាន់តែខ្ពស់នៅលើឆាកអន្តរជាតិ ជាពិសេសតាមរយៈជោគជ័យនៃការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា, ការរៀបចំអង្គរសង្ក្រាន្ត, ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២, ការអនុវត្តនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ និងស្មារតីមនុស្សធម៌ដ៏ធំធេង បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែលេចត្រដែតឡើង ដែលនេះជាសក្ខីភាពមួយបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹមជឿជាក់ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង តាមរយៈការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិប្រកប ដោយមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម។
ឯកឧត្តមបានបន្ថែមថា សន្តិភាព និងសមិទ្ធផលទាំងនេះ បានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ហេតុនេះ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាថែរក្សារាល់សមិទ្ធផលទាំងនេះឱ្យបានគង់វង្សជារៀងដរាប ព្រមទាំងបន្តកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន ឱ្យដឹកនាំប្រទេសជាតិសម្រាប់ នីតិកាលទី៧ ជាបន្តទៀត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយត្រូវគូសឱ្យចំនូវគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត។
ជាកិច្ចបញ្ចប់ ឯកឧត្តម ប៉ាន សូរស័ក្តិ បានធ្វើការផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាទាំង ៧ចំណុច និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៧ចំណុច ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបានប្រកាសឡើងដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ៕