ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ អញ្ចើញទស្សនកិច្ចនៅតំបន់ទន្លេសេសាន ខេត្តស្ទឹងត្រែង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពទំនប់វារីអគ្គិសនីសេសានក្រោម២ របស់ក្រុមហ៊ុន Hydro Power Lower Sesan 2 Co,. Ltd
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ចើញទស្សនកិច្ចនៅតំបន់ទន្លេសេសាន ខេត្តស្ទឹងត្រែង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពទំនប់វារីអគ្គិសនីសេសានក្រោម២ អានុភាព ៤០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន Hydro Power Lower Sesan 2 Co,. Ltd។
វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅភូមិភាគឥសាន នៃប្រទេសកម្ពុជា ដែលមានទីតាំងទំនប់ និងស្ថានីយ ស្ថិតនៅចម្ងាយ ១,៥គីឡូម៉ែត្រខាងក្រោមចំណុចប្រសព្វនៃទន្លេសេសាន និងទន្លេស្រែពក និងមានអាងស្តុកទឹកលាតសន្ធឹងតាមដងទន្លេសេសានក្នុងឃុំភ្លុក ឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន។
សូមបញ្ជាក់ថា ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង គឺជាទំនប់ដែលធំជាងគេក្នុងប្រទេសកម្ពុជា។ មានក្រុមហ៊ុន ៣ ដែលរួមគ្នាវិនិយោគដូចជា ក្រុមហ៊ុន Hydrolancang International Energy មានភាគហ៊ុន ៥១% ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩% និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន ១០% លើទឹកប្រាក់ចំនួន ៧៨១,៥២លានដុល្លារអាមេរិក ៕