ឧត្តមសេនីយ៍ទោ ឡោ សុខា ចុះជួបសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាជូនដល់កងកម្លាំងនគរបាលវរសេនាតូចលេខ៣០៣ ដែលកំពុងឈរជើងទប់ស្កាត់ពួកឧទ្ទាមដែលឆ្លងកាត់នៅតាមខ្សែបន្ទាត់ព្រំដែន
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកស្នងការរង និងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៣០៣ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនទប់ស្កាត់រាល់ការឆ្លងដែនរបស់ពួកឧទ្ទាមដែលមានបំណងឆ្លងដែនចូលក្នុងទឹកដីនៃប្រទេសកម្ពុជា។
ក្នុងពិធីនៃការចុះសំណេះសំណាលនិងសួរសុខទុក្ខដល់កម្លាំងនគរបាលការពារព្រំដែនគោកលេខ៣០៣ នាឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ បាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគរួមមានដូចជា៖ តង់, មី, ទឹកត្រី, ប្រេងឆា, ត្រីខ, ប៊ី ចេង, អង្ករ, ទឹកសុទ្ធវីតាល់, អាហារក្រៀម និងថវិកាមួយចំនួន ប្រគល់ជូនដល់កងកម្លាំងនគរបាលដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន និងនៅតាមបណ្ដាប៉ុស្តិ៍ការពារព្រំដែនមានដូចជា៖ ប៉ុស្តិ៍ប៊ូស្រា, ប៉ុស្តិ៍ដាក់ចូ, ប៉ុស្តិ៍ដាក់ចម, ប៉ុស្តិ៍ក្បាលដំរី, ប៉ុស្តិ៍ម្រើច និងប៉ុស្តិ៍អូររូ និងបានពិនិត្យមើលទៅលើស្ថានភាពផ្លូវដែលកំពុងជួបការលំបាកដល់ កងកម្លាំងក្នុងការចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន។
មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ណែនាំដល់កម្លាំងនគរបាលកំពុងស្នាក់នៅប្រចាំការតាមប៉ុស្តិ៍អង្កេតការណ៍បង្កើននូវការត្រៀមទប់ស្កាត់នូវរាល់ការលួចចូលរបស់ក្រុមពួកឧទ្ទាមដែលមានបំណងប៉ុនប៉ងឆ្លងដែន ចូលមកទឹកដីកម្ពុជាយើង។
មុននិងបញ្ចប់ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានថ្លែងអំណរគុណ និងបានណែនាំទៅដល់កងកម្លាំងនគរបាល សូមអោយមានសុខភាពល្អ រស់នៅអោយមានអណាម័យ ការស់នៅស្អាត ហូបស្អាតថែរក្សាសុខភាព អោយបានល្អដើម្បីបម្រើជាតិមាតុភូមិ ៕