ឯកឧត្តម ហ៊ុន ម៉ានី រំឮកប្រជាពលរដ្ឋពេលទៅបោះឆ្នោតឯកសារដែលត្រូវកាន់យកទៅមានតែពីរគត់គឺ អត្តសញ្ញាណប័ណ្ឌសញ្ញាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី០១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានរំឮកប្រជាពលរដ្ឋពេលទៅបោះឆ្នោតឯកសារដែលត្រូវកាន់យកទៅមានតែពីរគត់គឺ អត្តសញ្ញាណប័ណ្ឌសញ្ញាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃទី០៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី០១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានបន្តជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅឃុំធម្មតាអរ និងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីកំណត់ភាពឈ្នះបន្ថែមទៀត ហើយធ្វើយ៉ាងណា ចូលរួមបោះឆ្នោតស្របតាមគោលការណែនាំរបស់គ.ជ.ប។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារចុះជួយ ឃុំ ស្រុក ខេត្ត និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទាំង២ឃុំសរុបប្រមាណ ៨០០ នាក់ផងដែរ។
ក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍រំឮកពីឯកសារដែលប្រជាពលរដ្ឋត្រូវភ្ជាប់ទៅបោះឆ្នោតថា ឯកសារដែលត្រូវកាន់យកទៅបោះឆ្នោត មានតែពីរគត់គឺ អត្តសញ្ញាណប័ណ្ឌសញ្ញាតិខ្មែរ (អ.ខ) ឬ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ. អ)។ ឯកសារ ឬប័ណ្ណព័ត៌មានផ្សេងៗទៀត មិនអាចប្រើប្រាស់ដើម្បីបោះឆ្នោតបានឡើយ។
ទន្ទឹមនឹងការលើកឡើងខាងលើ ក៏មានបទបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតដែលបានការ ដោយ ឯកឧត្តម សំ រិទ្ធី ប្រធានអនុគណៈកម្មការផ្នែកច្បាប់ និងនិតិវិធីនៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ជូនទៅកាន់សមាជិក សមាជិកាទាំងអស់អោយបានជ្រាប។ សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៧ នឹងមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយប្រព្រឹត្តទៅចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣រសៀល។
ឆ្លៀតក្នុងឱកាសនៃជំនួបនាព្រឹកនេះ ឯកឧត្តមតំណាងរាស្ត្រ បានអញ្ជើញលោកយាយ លោកតា ពុក ម៉ែ មាមីង បងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមតំណាងរាស្ត្រ ក៏បានបញ្ជាក់ផងដែរថាសន្លឹកឆ្នោតមួយសន្លឹករបស់លោកយាយ លោកតា ពុក ម៉ែ មាមីង បងប្អូន ជូនគណបក្សប្រជាជនកម្ពុជា គឺជាការអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជា បន្តធានានូវអ្វីៗដែល ប្រជាពលរដ្ឋ បាន និងកំពុងមាន ព្រមទាំងធានាអនាគតដែលកាន់តែល្អប្រសើរដល់កូនចៅជំនាន់ក្រោយៗ ក្រោមម្លប់ត្រជាក់ត្រជុំរបស់សុខសន្តិភាព៕