អគ្គនាយក ប.ស.ស. ស្នើសុំភាគីកូរ៉េ បន្តកិច្ចសហប្រតិបត្តិការលើការកសាងគ្លីនិកស្តារនីតិសម្បទាសម្រាប់ពិគ្រោះជំងឺក្រៅ
ភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូនៃអង្គភាពសុខុមាលភាពនិងសំណងគ្រោះថ្នាក់ការងារ ដឹកនាំដោយឯកឧត្តម Jaekap Lee អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសមខាងលើនេះ ឯកឧត្តម អ៊ុក សមវិទ្យា តំណាង ប.ស.ស. កម្ពុជា និងឯកឧត្តម Jaekap Lee តំណាងភាគីកូរ៉េ បានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ក៏ដូចជាការអនុវត្តរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារនៅសាធារណៈរដ្ឋកូរ៉េ ជាពិសេស វឌ្ឍនភាពនៃការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើការកសាងសមត្ថភាពរបស់មន្រ្តីជំនាញ ប.ស.ស. ពាក់ព័ន្ធនឹងការផ្តល់សេវាស្តារនីតិសម្បទាជូនដល់សមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាពខ្ពស់។
នៅក្នុងជំនួបខាងលើ ឯកឧត្តម អ៊ុក សមវិទ្យា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម Jaekap Lee និងគណៈប្រតិភូនៃអង្គភាព សុខុមាលភាពនិងសំណងគ្រោះថ្នាក់ការងារ នៃសាធារណៈរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ក្នុងការកសាងផែនការមេផ្នែកស្តារនីតិសម្បទារយៈពេល ៥ឆ្នាំ របស់ ប.ស.ស.។
លើសពីនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានស្នើសុំភាគីកូរ៉េ ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើការកសាងគ្លីនិកស្តារនីតិសម្បទាសម្រាប់ពិគ្រោះជំងឺក្រៅ (Outpatient Rehabilitation Clinic) មុននឹងឈានដល់ការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទារបស់ ប.ស.ស.៕