គ.ជ.ប នឹងបង្ហាញទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត នៅព្រឹកថ្ងៃទី៦ កក្កដា
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៦ កក្កដា ខាងមុខនេះ នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទស្តីពីការបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនិងការសាកល្បង គុណភាពទឹកខ្មៅលុបមិនជ្រះដោយភាគីពាក់ព័ន្ធ។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានដឹកនាំកិច្ចប្រជុំ។
បើតាមឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថាទឹកខ្មៅជ្រលក់ដៃសម្រាប់ការ បោះឆ្នោត គឺបញ្ជាទិញពីឥណ្ឌាជាង ៥២.០០០ដប សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ឯកឧត្តមបានបន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយចំណាយថវិកាជាង ២លានដុល្លារ សម្រាប់ការបោះពុម្ព និងថវិកាជាង ៥០លានដុល្លារ សម្រាប់រៀបចំដំណើរការនៃការបោះឆ្នោត៕