ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការកាត់បន្ថយចរន្តប្រឆាំង ព្រមទាំងពង្រឹង និងពង្រីកចរន្តគាំទ្រ គឺជាគោលដៅអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេន ជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការកាត់បន្ថយចរន្តប្រឆាំង ព្រមទាំងពង្រឹង និងពង្រីកចរន្តគាំទ្រ គឺជាគោលដៅអាទិភាព របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានានូវប្រៀបឈ្នះ របស់គណបក្សក្នុងរយៈពេលវែង។
តាមរយៈវីដេអូមួយដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតពន្យល់ថា ចរន្តប្រឆាំងមិនសំដៅដល់បក្សប្រឆាំងនោះទេ ចរន្តប្រឆាំងសំដៅដល់ការមិនសប្បាយចិត្ត របស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះយើងត្រូវពង្រីកនូវចរន្តគាំទ្រ តាមរយៈការរំលេចអ្វី ដែលយើងខិតខំធ្វើដើម្បីពួកគាត់ ធ្វើឱ្យគាត់មានភាពកក់ក្តៅចិត្ត ហើយកាត់បន្ថយការមិនសប្បាយចិត្ត។
ឯកឧត្ដមបណ្ឌិតបញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេស គឺរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដើម្បីប្រជាជនទាំងអស់គ្នាមានសេចក្តីសុខ។
ឯកឧត្ដមបណ្ឌិតបានលើកឡើងទាំងស្រុងយ៉ាងដូច្នេះថា “កាត់បន្តចរន្តប្រឆាំង ពាក្យថាចរន្តប្រឆាំងមិនបក្សប្រឆាំងទេ បើសិនជាចរន្តប្រឆាំង ចរន្តមិនសប្បាយចិត្តជាមួយគណបក្សប្រជាជនទាប បក្សប្រឆាំងប៉ុន្មានក៏រកសំឡេងមិនបានដែរ តែចរន្តប្រឆាំងខ្លាំង ជួនកាលមិនបាច់មានគណបក្សនយោបាយផង ប្រទេសខ្លះដួលរលំដោយអំណាចប្រជាពលរដ្ឋ ។ អីចឹងអ្វីដែលគណបក្សប្រជាជនត្រូវធ្វើ គឺកាត់បន្ថយចរន្តប្រឆាំង គឺក្នុងបេះដូងដែលគាត់មិនសប្បាយចិត្ត ឱ្យគាត់មកសប្បាយចិត្តជាមួយយើង រំលេចនូវអ្វីដែលយើងជួយគាត់ ដើម្បីឱ្យគាត់មានភាពកក់ក្តៅជាមួយយើង ជឿទុកចិត្តជាមួយយើង”។
ឯកឧត្ដមបន្ថែមទៀតថា “បើយើងបង្កើតចរន្តគាំទ្រច្រើន យើងនឹងមានលំនឹង ដែលជាគោលដៅរបស់យើង និងជាអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើ ដើម្បីសុខសន្តិភាព ស្ថិរភាពយើងទាំងអស់គ្នា មិនថាអ្នកមានតួនាទី ឬមិនមានតួនាទីទេ ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេស រក្សាសន្តិភាពបាន រក្សាលំនឹងបាន យើងបានសុខទាំងអស់គ្នា មិនថាបងប្អូនជាអាជីវករ មិនជាមន្ត្រីរាជការ មិនថាជាបុគ្គលិកធនាគារឯកជន ស្ថាប័នឯកជន យើងបានសុខទាំងអស់គ្នា មិនថានិស្សិត មិនថាលោកគ្រូអ្នកគ្រូ គឺយើងបានសេចក្តីសុខទាំងអស់គ្នា”៕